បញ្ជូនអ្នកជំងឺ កូវីដ-១៩ ដែលព្យាបាលមិនទាន់ជាសះស្បើយ មកព្យាបាលបន្តនៅភ្នំពេញវិញ ព្រោះមូលហេតុមួយនេះ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានអោយដឹងថា រយៈពេលជិតមួយខែនេះ ក្រសួងរកមិនទាន់ឃើញវិជ្ជមានថ្មីនៃអ្នកឆ្លងជំងឺ កូវីដ-១៩ ឡើយខណៈដែលអ្នកជាសះស្បើយមានចំនួន១២០នាក់ ហើយអ្នកជំងឺដែលនៅសល់មានចំនួនតែ២នាក់ប៉ុណ្ណោះ តែទោះជាយ៉ាងណាក្រសួងសុខាភិបាល អំពាវនាវអោយបងប្អូនប្រជាពលរដ្ឋមេត្តា បន្តការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារការចម្លងរលកទី២នៃវីរុសកូវីដ-១៩។

នៅព្រឹកថ្ងៃទី០៨ ខែឧសភា នេះដែរក៏មានការលើកឡើងជាសំណួរជុំវិញអ្នកជំងឺ២នាក់ដែលព្យាបាលយូរជាងគេហើយមិនទាន់ជាសះស្បើយទៀត តើពួកគាត់ទាំង២មានសភាពធ្ងន់ធ្ងររឺយ៉ាងណា? ដែលក្នុងនោះលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានធ្វើការឆ្លើយតបនៅក្នុងសារតេឡេក្រាមថា៖

“មិនធ្ងន់ទេ តាមសភាពទូទៅរបស់អ្នកជំងឺតែវីរុសនៅមានក្នុងខ្លួនគាត់នៅឡេីយ។ ថ្ងៃនេះក្រសួងបានសម្រេចឲ្យបញ្ជូនមកបន្តការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងពីរនាក់ហេីយ។ វីរុសនេះ យេីងពិបាកនឹងដឹងណាស់ ដោយសារអ្នកទាំងពីរ ម្នាក់ជាបុរសវ័យ៧៥ឆ្នាំ មានបញ្ហាសុខភាពប្រចាំកាយ និងម្នាក់ទៀតជាស្ត្រីវ័យ៣៦ឆ្នាំ មានបញ្ហាប៉ះពាល់ផ្លូវចិត្ត តម្រូវឲ្យមានការពិនិត្យព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិបន្តទៀត។ ជូនពរពួកគាត់ឲ្យបានឆាប់ជាសះស្បេីយ ពេលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដូច្នេះហេីយ សូមបងប្អូនប្រជាពលរដ្ឋ លោកបន្តការប្រុងប្រយ័ត្នការពារការចម្លងរលកទីពីរនៃវីរុសកូវីដ-១៩ នេះជាចាំបាច់ ត្រូវចងចាំថា៖ “យេីងអាចភ្លេចវីរុសកូវីដ-១៩ តែវីរុសកូវីដ-១៩ មិនដែលភ្លេចយេីងនោះទេ”។”