មូលហេតុដែលយើងគួរ ទិញឡានធ្វើច្រែះ និងទិញឡានច្រែះតិចៗជិះ
- May 1, 2018
រថយន្តភាគច្រើនដែលនាំចូលពីសហរដ្ឋអាមេរិក នៅតំបន់ដែលត្រជាក់ រឺស្រុកធ្លាក់ទឹកកក តែងតែជួបបញ្ហាច្រែះជើងក្រោម និងម៉ាស៊ីនជាដើម ដែលវាជាកង្វល់មួយរបស់ម្ចាស់រថយន្តដែលទិញយកទៅប្រើប្រាស់បន្ត។ ភាពច្រែះរបស់រថយន្តទាំងនោះវាអាស្រ័យលើការប្រើប្រាស់ច្រើនរឺតិច កាលគ្រាដែលរថយន្តនោះប្រើប្រាស់នៅសហរដ្ឋអាមេរិក ដោយជួនកាលរថយន្តដែលប្រើប្រាស់ត្រឹម 11 ម៉ឺន Miles រឺ ក្រោមនឹង វាអាចនឹងច្រេះជើងក្រោមតិចៗ រឺ ពេលខ្លះមិនច្រេះផងក៏ថាបាន ប៉ុន្តែចំពោះរថយន្តដែលប្រើប្រាស់ច្រើនរហូតដល់ 16ម៉ឺន Miles ឡើងទៅគឺវាអាចនឹងច្រែះខ្លាំង ដោយយើងផ្អែកលើរបាយការណ៍ និងរដ្ឋដែលរថយន្តនោះត្រូវបានគេប្រើប្រាស់។

លោក អ៊ឹម សុខសរ ម្ចាស់យាន្តដ្ឋានជួសជុលរថយន្ត M Car Part & Services បានបញ្ជាក់ប្រាប់ថា ចំពោះរថយន្តដែលច្រែះតិចតួចគាត់មិនធ្វើការណែនាំអោយភ្ញៀវជួសជុល នោះទេព្រោះថា វាជាសម្រស់រថយន្តនៅផ្នែកខាងក្រោម ដែលគេមើលមិនឃើញ។ ការធ្វើច្រែះឡើងវិញទាមទារ អោយជាងដោះគ្រឿងក្រោមចោលទាំងអស់ ហើយពេលខ្លះម៉ាស៊ីនក៏ត្រូវទម្លាក់ចុះមកក្រោម ដើម្បីខាត់ច្រែះចេញ និងបាញ់ផ្លាំងកូត ឡើងវិញដើម្បីអោយវាស្អាត។ ប៉ុន្តែមានរឿងជាច្រើនដែលទាក់ទងនឹងការដោះ ព្រោះថាពេលយើងទម្លាក់គ្រឿងក្រោម វាចុះមកក្រោម ហើយធ្វើច្រែះឡើងវិញរួចរាល់ហើយនោះ ជាងនឹងធ្វើការចាប់គ្រឿងក្រោមនោះឡើងវិញ ហើយបញ្ហាសំខាន់គឺការមួលរឹតខ្ចៅវាឡើងវិញ ដោយវាមិនត្រឹមត្រូវតាមស្តង់ដារកម្លាំងមួលរឹត ដែលចេញពីរោងចក្រឡើយ។ ការមួលរឹតខ្ចៅ នៅស្រុកខ្មែរគឺ ធ្វើឡើងតាមកំលាំងដៃដែលមាន គឺមានន័យថាគាត់រឹតមួយឈ្នះដៃ ចំណែកស្តង់ដារបច្ចេកទេសនៅរោងចក្រវិញ គឺមានកម្រឹតរបស់វា ដែលចេញពីម៉ាស៊ីនត្រឹមត្រូវ ដែលខ្នាតរបស់វាគឺ (pound feet of torque)។ ដូច្នេះភាគច្រើននៃឡានធ្វើច្រែះ ជើងក្រោមរបស់វាមិនសូវហាប់ណែនដូចឡាន មិនធ្លាប់ធ្វើច្រេះឡើយ ដូចនេះប្រសិនបើឡានច្រែះតិចតួច គួរណាកុំប៉ះពាល់វាអី ដូចពាក្យគេនិយាយថា ដំបៅមិនឈឺ កុំយកឈើចាក់៕





- Share This Post:






