ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេច ហ៊ុន សែន បានណែនាំឱ្យអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍បន្ដទៀត និងគ្មានការពន្យាពេលទេ

    BY Khmernote Media May 16, 2020
    សម្តេច ហ៊ុន សែន បានណែនាំឱ្យអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍បន្ដទៀត និងគ្មានការពន្យាពេលទេ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាឱ្យអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍បន្ដទៀត ដើម្បីសំដៅឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននៅពេលបើកបរ ដែលបញ្ចៀសបាននូវគ្រោះថ្នាក់នៅលើដងផ្លូវ។

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ការអនុវត្តច្បាប់ចរាចរណ៍មិនត្រូវពន្យារពេលដោយសារតែបញ្ហានៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩នោះទេ ហើយត្រូវតែបន្តធ្វើដោយគ្មានការដកថយ ដោយទន់ភ្លន់ និងដោយម៉ឺងម៉ាត់ ដើម្បីការពារសុខសុវត្ថិភាពនិងអាយុជីវិតរបស់ប្រជាជន។

    សម្ដេចតេជោបន្ដថា មន្ត្រីនគរបាលចរាចរណ៍ត្រូវបន្តរឹតបន្តឹងការផាកពិន័យចំពោះយានយន្តណា ដែលបានប្រព្រឹត្តល្មើសនឹងបទល្មើសចំនួន១៦ចំណុច ដោយក្នុងនោះ៧ចំណុចអនុវត្តចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្ត(ម៉ូតូឬរ៉ឺម៉កកង់បី) និង៩ចំណុចចំពោះរថយន្តធុនស្រាលនិងធុនធ្ងន់។

    សូមបញ្ជាក់ថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា ពោលគឺថ្ងៃទី០១-១៥ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ បានផាកពិន័យយានយន្ត ២៣,៧៧២គ្រឿង ក្នុងនោះម៉ូតូ ១៧៥៩៧គ្រឿង និងរថយន្ត ៦,១៧៥គ្រឿង។

    នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា រយៈពេល ១៥ថ្ងៃនេះ គេសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១០២លើក ស្លាប់ ៥២នាក់ និងរបួស ១៤៥នាក់។ សម្រាប់ថ្ងៃទី១៥ ខែឧសភានេះ យានយន្តដែលល្មើសត្រូវបានត្រួតពិនិត្យ និងផាកពិន័យ មាន ១,៣៩១គ្រឿង ក្នុងនោះម៉ូតូមាន ១,០១៨គ្រឿង និងរថយន្ត ៣៧៣គ្រឿង។

    ជាចុងក្រោយសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីធានាការពារ សុវត្ថិភាពនៅពេលបើកបរ និងកាត់បន្ថយសោកនាដកម្មនានានៅតាមដងផ្លូវ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay