ក្រសួងសុខាភិបាលកម្ពុជា ៖ មិនមានឈ្មោះជនជាតិវៀតណាមនៅសៀមរាប ដូចការចុះផ្សាយរបស់វេបសាយ វៀតណាម នោះទេ, សូមភាគីមិត្តវៀតណាម គោរពតាមបទដ្ឋានបច្ចេកទេស មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយ
នៅមុននេះបន្តិចក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយទាក់ទងនឹងសារព័ត៌មានវៀតណាមដែលមានឈ្មោះថា Vietnam News ដែលបានចុះផ្សាយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ថាមានជនជាតិវៀតណាមម្នាក់បានឆ្លងជំងឺកូវីដ-១៩ ពេលចាកចេញពីកម្ពុជា ដោយក្នុងនោះក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តែមិនមានឈ្មោះជនជាតិវៀតណាមដូចការចុះផ្សាយនោះទេ។

ក្រសួងបានបញ្ជាក់អោយដឹងទៀតថា តាមរយៈប្រព័ន្ធរាយការណ៍ឱ្យគ្នាទៅវិញទៅមក (EOC) នៃជំងឺឆ្លងថ្មីៗក្នុងបណ្តាប្រទេសអាស៊ាន ក្រុមការងារក្រសួងសុខាភិបាល ក៏មិនទទួលបានព័ត៌មានផ្លូវការណាមួយស្តីអំពីករណីដូចការចុះផ្សាយនោះដែរ។ ដូច្នេះបុគ្គលជនជាតិវៀតណាមរូបនោះ គឺឆ្លងនៅលើទឹកដីវៀតណាមតែម្តង មិនមែននៅកម្ពុជាដូចការលើកឡើងនោះឡើយ។

ក្រៅពីនេះដែរក្រសួង សូមអំពាវនាវដល់ភាគីមិត្តវៀតណាម សូមគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តកម្មអន្តរជាតិលើករណីជំងឺឆ្លង មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយដែលជាការប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសនៅក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺ កូវីដ-១៩ នេះដើម្បីជាផលប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស៕

