កំពុងពពាក់ពពូនគ្នាក្នុងបន្ទប់ផ្ទះជួលប្រើប្រាស់គ្រឿងញៀន ស្រាប់តែនគរបាលខណ្ឌសែនសុខ ឡោមព័ទ្ធបុកចូលបង្ក្រាប ចាប់ឃាត់ខ្លួនបាន១០នាក់មានទាំងប្រុសទាំងស្រី
រាជធានីភ្នំពេញ៖ ក្មេងជំទង់ៗមានប្រុសមានស្រីកំពុងតែនាំគ្នាពពាក់ពពូនគ្នាប្រើប្រាស់គ្រឿងញៀន នៅក្នុងបន្ទប់ជួលមួយកន្លែង ស្រាប់តែកម្លាំងនគរបាលខណ្ឌសែនសុខ ឡោមព័ទ្ធឆ្មក់បុកចូលបង្ក្រាបជាក់ស្ដែង ក្របួចបានជនប្រុសស្រី១០នាក់ និងដកហូតក្រាមសថ្លា (សង្ស័យជាគ្រឿងញៀន) បានចំនួន២កញ្ចប់តូច រួមទាំងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត រួចបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

ករណីចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង០១:០០នាទីរសៀល ថ្ងៃអង្គារ៍ ទី១៩ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចបន្ទប់ជួលមួយកន្លែង លេខB8 ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសម្ដីមន្ត្រីនគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យអ្នកយកព័ត៌មានយើងបានដឹងថា ក្នុងការចុះបង្ក្រាបនេះធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងមានការសម្របសម្រួលពីសំណាក់លោក សឹប វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយអធិការរងចំនួន២រូប មានលោកវរសេនីយ៍ត្រី សៀង សាញ់, និង លោកវរសេនីយ៍ត្រី គួច សុភា និងសហការជាមួយកម្លាំងប៉ុស្តិ៍អូរបែកក្អម បានធ្វើការស្រាវជ្រាវរហូតដល់កំណត់មុខសញ្ញា និងទីតាំងបានច្បាស់លាស់ហើយ ទើបបើកប្រតិបត្តការឆ្មក់ចូលទីតាំងតែម្ដង ដោយធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី១០នាក់ និងដកហូតថ្នាំញៀនចំនួន២កញ្ចប់តូច រួមទាំងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត រួចបញ្ជូនទៅធ្វើការសាកសួរភ្លាមៗ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីប្រគល់អោយផ្នែកជំនាញ ធ្វើតេស្តពិនិត្យទឹកនោមរកសារធាតុញៀនផងដែរ។
ប្រភពដដែលបន្តថា ក្រោយពីបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជនប្រុសស្រីទាំង១០នាក់រួចមក ជាលទ្ធផលក្នុងការត្រួតពិនិត្យ រកឃើញអ្នកប្រើប្រាស់សារធាតុញៀន តែ០៨នាក់ប៉ុណ្ណោះ ដោយឡែក២នាក់ដែលមិនមានសារធាតុញៀននោះសមត្ថកិច្ចបានធ្វើកំណត់ហេតុហៅអាណាព្យាបាលមកធានាយកទៅផ្ទះវិញផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ រួមនិងវត្ថុតាងពាក់ព័ន្ធគ្រឿងញៀន កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅពេលក្រោយ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត