កម្ពុជា នឹងបើកសារមន្ទីរអោយភ្ញៀវទេសចរណ៍ចូលទស្សនាឡើងវិញនៅដើមខែក្រោយនេះ
យោងតាមលិខិតរបស់ក្រសួងសុខាភិបាលជូនទៅកាន់លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចុះផ្សាយនៅមុននេះបន្តិចបានអោយដឹងថា ដោយមានចំណារឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន កម្ពុជាយើងនឹងបើកដំណើរការសារមន្ទីរនានាអោយភ្ញៀវទេសចរណ៍ ចូលទស្សនាឡើងវិញចាប់ពីខែមិថុនា ឆ្នាំ២០២០នេះតទៅ។ នៅក្នុងលិខិតផ្លូវការនោះដែរក៏បានបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល បានធ្វើការណែនាំ ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមុនពេលបើកដំណើរការ ត្រូវរៀបចំវិធានការការពារនានាឱ្យរួចជាមុន ដើម្បីចៀសរាងនូវហានិភ័យនៃការចម្លងវីរ៉ុសកូវីដ-១៩។

វិធានការទាំងនោះរួមមាន៖ ការស្កេនកំដៅភ្ញៀវមុនអនុញ្ញាតឱ្យចូលទស្សនា មានប្រើប្រាស់អាល់កុល ឬជែលលាងដៃ និងត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស់ ហើយត្រូវអនុវត្តឱ្យបានគ្រប់បុគ្គល (ទាំងភ្ញៀវ អ្នកនាំភ្ញៀវ និងអ្នកបម្រើការនៅទីនោះ) និងមិនត្រូវអនុញ្ញាតឱ្យភ្ញៀវ ឬបុគ្គលណាម្នាក់ដែលមានបញ្ហាសុខភាព ឬសង្ស័យចូលទស្សនាសារមន្ទីរឡើយ៕


