លោកជំទាវ ឱ វណ្ណឌីន ៖ អ្នកបើកយន្តហោះ និងអ្នកបម្រើការលើយន្តហោះ ដែលបានដឹកបុរសជនជាតិខ្មែរមានវិជ្ជមានកូវីដ១៩ បានវិលត្រលប់ទៅវិញនៅថ្ងៃដដែល
- May 21, 2020
នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះដែរក្រសួងសុខាភិបាលបានប្រកាសករណីវិជ្ជមានថ្មី ទី១២៣ ដែលជាអ្នកដំណើរជនជាតិខ្មែរម្នាក់មកពីប្រទេសហ្វីលីពីន តាមជើងហោះហើររបស់កូរ៉េ ដែលបានចុះចតកាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ។ នៅក្នុងលិខិតរបស់ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា បុរសជនជាតិខ្មែរវ័យ២៦ឆ្នាំ ដែលចាកចេញពីប្រទេស ហ្វីលីពីន តជើងនៅប្រទេសកូរ៉េ ទើបមកដល់ប្រទេសកម្ពុជា ហើយបុរសរូបនោះមានទីលំនៅ នៅខេត្តកំពត ប៉ុន្តែមិនទាន់បានទៅដល់ទីលំនៅនោះឡើយ ពោលគឺត្រូវបានរកឃើញក្រោយពេលចុះពីយន្តហោះ និងត្រូវបានយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ចំពោះយន្តហោះ និងអ្នកបម្រើការងារលើយន្តហោះទាំងអស់ ត្រូវបានត្រឡប់ទៅវិញនៅថ្ងៃដដែល ពោលគឺដាក់អ្នកដំណើរចុះ រួចហោះត្រឡប់ទៅវិញ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅក្នុងគ្រុបតេឡេក្រាម។
នៅក្នុងយន្តហោះដែលបុរសខាងលើបានធ្វើដំណើរនោះមានអ្នកដំណើរសរុប៦៣នាក់ ក្នុងនោះមាន ជនជាតិកូរ៉េ ២៣នាក់ (ស្រី៣នាក់) បុរសជនជាតិប៊ែលហ្សិក១នាក់ បុរសជនជាតិហូឡង់១នាក់ ជនជាតិជប៉ុន៣នាក់ (ស្រី១នាក់) ជនជាតិខ្មែរ ៣៤នាក់ (ស្រី១០នាក់)។ ហើយបច្ចុប្បន្នបុរសជនជាតិខ្មែរដែលរកឃើញវិជ្ជមានកូវីដ-១៩ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តខ្មែរ-សូវៀត ចំណែកឯអ្នកដំណើរ៦២នាក់ផ្សេងទៀត ត្រូវបានយកទៅធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ៕
- Share This Post: