កូវីដ-១៩

ម្សិលមិញសាំងហ្គាពួររកឃើញករណីកូវីដ១៩ ថ្មីបន្ថែមចំនួន ៥៤៨នាក់ និងអនុញ្ញាតឲ្យអ្នកជាសះស្បើយចំនួន ៩៩៤នាក់ចេញពីមន្ទីរពេទ្យ

BY
autoadmin
May 25, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា សាំងហ្គាពួរមានករណីថ្មីនៃវីរុស COVID-19 ចំនួន ៥៤៨នាក់ គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៣១,៦១៦នាក់។ ក្រសួងសុខាភិបាលបាននិយាយថា ក្នុងចំណោមករណីថ្មីទាំងអស់ មានអ្នកជំងឺ ៥៤៤នាក់ គឺជាពលករបរទេសដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។ របាយការណ៍នោះបានបន្ថែមទៀតថា​ ករណីចេញពីអន្តេវាសិកដ្ឋានពលករបរទេសនៅតែបន្ដមានច្រើនជាងគេ ដោយសារមានការធ្វើតេស្តយ៉ាងទូលំទូលាយ។

ក្នុងនោះផងដែរមានតែ ៤​ ករណីប៉ុណ្ណោះ ដែលចេញមកពីសហគមន៍ ដែលរួមមានជនជាតិសាំងហ្គាពួរ ៣នាក់ និងអ្នកកាន់ប័ណ្ណការងារម្នាក់។ អ្នកស្លាប់សរុបដោយសារ COVID-19 របស់ប្រទេសមួយនេះនៅតែមាន ២៣នាក់ ដដែល និងបានរំសាយអ្នកជំងឺដែលបានជាសះស្បើយចំនួន ៩៩៤នាក់ កាលពីម្សិលមិញនេះ។ គិតមកទល់ពេលនេះសាំងហ្គាពួរបានព្យាបាលអ្នកជំងឺ COVID-19 បានជាសះស្បើយនឹងរំសាយទៅផ្ទះចំនួន ១៤,៨៧៦នាក់ ហើយមានអ្នកជំងឺ ៦៩០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយក្រៅពីនោះគឺដាក់ព្យាបាលដាច់ដោយឡែកតាមកន្លែងថែទាំនិងព្យាបានក្នុងសហគមន៍៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: