បើករថយន្តវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅកៀររថយន្ត CRV ខ្ទេចមួយចំហៀង ដោះស្រាយមិនចេញប៉ូលិសខណ្ឌច្បារអំពៅ វាស់វែងយកទៅទុកដោះស្រាយពេលក្រោយ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ បុរសម្នាក់ស្រវឹងស្រា បើករថយន្ត TOYOYA RUSH មួយគ្រឿងវ៉ាជែងរថយន្តមួយគ្រឿងខ្វះការប្រុងប្រយ័ត្នចូលគន្លងម្ខាងទៀត ទៅបុកកៀររថយន្ត CRV មួយគ្រឿងទៀតកំពុងបើកច្រាសទិសគ្នា បណ្ដាលឲ្យរថយន្ត CRV ខូចខាតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ ចំណែករថយន្តរបស់ខ្លួនបាក់កាឡេ និងផ្ទុះកង់មុខខាងឆ្វេង បើកទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០៩:២០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចខាងជើងវត្តកំសាន្ត ប្រហែល១០០ម៉ែត្រ លើកំណាត់ផ្លូវ៣៦៩ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រថយន្តទាំងពីរគ្រឿងមានដូចជាភាគីខាងរថយន្ត ម៉ាក Honda CRV ពណ៌ស្លែរ ពាក់ស្លាកលេខភ្នំពេញ 2B-2955 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរលក្ខណៈគ្រួសារ សរុប៥នាក់ ។ ចំណែកភាគីរថយន្តម្ខាងទៀតម៉ាក TOYOYA RUSH ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BE-9612 បើកបរដោយមន្ត្រីនគរបាលមិនស្គាល់អត្តសញ្ញាណម្នាក់ ។
សាក្សីដែលជាអ្នកឃើញហេតុការណ៍បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Honda CRV បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦៩ ទិសដៅពីជើងមកត្បូងក្នុងល្បឿនធម្មតា ខណៈពេលធ្វើដំណើរមកជិតដល់កន្លែងកើតហេតុ ស្រាប់តែឃើញរថយន្តមួយគ្រឿងម៉ាក TOYOYA RUSH ពណ៌ទឹកប្រាក់ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ សង្ស័យជាមន្ត្រីនគរបាល បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦៩ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន បានវ៉ាឆ្វេងជែងរថយន្តមិនចាំម៉ាកមួយគ្រឿង ខ្វះការប្រុងប្រយ័ត្ន ចូលគន្លងម្ខាងទៀត ទៅបុកកៀររថយន្ត CRV មួយគ្រឿងទៀត កំពុងបើកច្រាសទិសគ្នា បណ្ដាលឲ្យរថយន្ត CRV ខូចខាតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ ចំណែករថយន្ត TOYOYA RUSH រងការខូចខាតបាក់កាឡេ និងផ្ទុះកង់មុខខាងឆ្វេង បើកទៅមុខលែងរួច តែមិនបណ្ដាលឲ្យមនុស្សរបួសទេ គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ព្រោះឃើញភាគីខាងរថយន្ត TOYOYA RUSH ហៅបុរស២នាក់ទៀត មកជួយដោះស្រាយ ផ្អើលពេញកន្លែងកើតហេតុ ព្រោះអ្នកមកជួយដោះស្រាយ បែរជាមកជួយឈ្លោះប្រកែកគ្នាជាមួយភាគីខាងរថយន្ត CRV ទៅវិញ ។
មួយសន្ទុះក្រោយមក ក៏ឃើញមានសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រាចុះមកសម្របសម្រួលនៅកន្លែងកើតហេតុ តែការដោះស្រាយមិនត្រូវគ្នាទេ ទើបភាគីខាងរថយន្ត CRV ស្នើរដល់សមត្ថកិច្ចវាស់ជាតិអាកុលភាគីរថយន្ត RUSH និងអោយវាស់វែងយកទៅរក្សាទុកដោះស្រាយគ្នាពេលក្រោយតែម្ដង ។
បច្ចុប្បន្នរថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា សហការជាមួយផ្នែកវាស់វែងចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកធ្វើការវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត