កូវីដ-១៩

សាំងហ្គាពួរមានករណីកូវីដ១៩ សរុបជិត ៣២,០០០ករណី បន្ទាប់ពីរកឃើញអ្នកឆ្លងថ្មីចំនួន ៣៤៤នាក់ថ្ងៃនេះ

BY
autoadmin
May 25, 2020

ក្រសួងសុខាភិបាលសាំងហ្គាពួរបានបញ្ជាក់ថា មានករណីឆ្លងវីរុស COVID-19 ចំនួន ៣៤៤ បន្ថែមទៀត ត្រូវបានបញ្ជាក់នៅរសៀលថ្ងៃច័ន្ទនេះ ដែលនាំឱ្យការឆ្លងសរុបមានដល់ ៣១,៩៦០នាក់ នេះបើតាមការចុះផ្សាយរបស់ Channel News Asia ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនករណីទាបនៅថ្ងៃច័ន្ទនេះ គឺដោយសារតែការធ្វើតេស្តតិចតួចជាងរាល់ដង។ ក្រសួងសុខាភិបាលបាននិយាយថា ភាគច្រើននៃអ្នកឆ្លងថ្មីគឺកម្មករចំណាកស្រុកដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន ដោយបន្ថែមថា មានតែ ៤នាក់ប៉ុណ្ណោះ ជាជនជាតិសាំងហ្គាពួរ ឬជាអ្នករស់នៅអចិន្ត្រៃយ៍។

នៅសប្ដាហ៍ក្រោយនេះសាំងហ្គាពួរកំពុងត្រៀមបន្ធូរបន្ថយការរឹតត្បឹតរបស់ខ្លួន ហើយវិធានការណ៍រក្សាគម្លាតនឹងត្រូវបានដកចេញជាបណ្តើរៗជា ៣ ដំណាក់កាលចាប់ពីថ្ងៃទី០២ ខែមិថុនា ដោយការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចដែលមិនបង្កហានិភ័យឆ្លងនៅក្នុងដំណាក់កាលទី១។ សាលាមត្តេយ្យនឹងបើកដំណើរការជាបណ្តើរៗចាប់ពីថ្ងៃទី០២ ខែមិថុនា ហើយសិស្សនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ក៏នឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅសាលារៀនវិញ ខណៈដែលក្រុមផ្សេងទៀតនឹងឆ្លាស់គ្នារវាងការរៀនសូត្រនៅតាមផ្ទះ និងរៀនមេរៀនពីសាលា។ ហើយនេះក៏ជាលើកដំបូងក្នុងរយៈពេលជាង ៦សប្តាហ៍ ដែលសាំងហ្គាពួរមិនមានក្រុមចង្កោមថ្មីផ្ទុះឡើងនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: