ព័ត៌មានជាតិ

បុរសរត់កង់បីប្រចាំនៅចាក់អង្រែ ប្រកាសស្វែងរកម្ចាស់កាបូបដែលគាត់រើសបាន មានឯកសារសំខាន់ជាច្រើន និងអត្តសញ្ញាណប័ណ្ណឈ្មោះ អ៉ឹម វណ្ណារ៉ា អាចទាក់ទងតាមទូរស័ព្ទដើម្បីមកយកវិញបាន!

BY
Khmernote Media
May 26, 2020

រាជធានីភ្នំពេញ៖ កន្លងមករាល់ករណីរើសបានកាបូបលុយផ្សេងៗ គឺប្រិយមិត្តតែងតែបានឃើញជារឿយៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានអ្នកមួយចំនួនតូចបានជ្រុះបាត់ នៅតាមដងវិថីដោយមិនដឹងខ្លួន នៅពេលដែលគាត់កំពុងធ្វើចរាចរណ៍ទៅណាមកណា ក៏ដូចជាច្រឡំទុកដាក់ប្រាក់កាក់ ឬរបស់មានតម្លៃមួយចំនួនទៀតហើយក៏ភ្លេច ថាខ្លួនទុកនៅទីណាក៏មានដែរ រួចក៏មានអ្នកដទៃមកពីក្រោយរើសបានក៏មាន ។

យ៉ាងណាមិញ បើតាមបុរសមាឌធំឈ្មោះ “ទន់” ដែលជាអ្នករត់កង់បីខ្មែរម្នាក់ ប្រចាំនៅម្ដុំចាក់អង្រែ បានប្រកាសស្វែងរកម្ចាស់កាបូបវិញ ដែលគាត់បានរៀបរាប់ឲ្យក្រុមការងារខ្មែរណូតយើងដឹងថា នៅមុនពេលរើសបានកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ ខណៈពេលដែលគាត់បើកកង់បីត្រលប់មកពីដឹកភ្ញៀវវិញ បំណងធ្វើដំណើរត្រលប់មកកន្លែងរងចាំដឹកភ្ញៀវផ្សេងទៀតវិញ នៅចំណុចស្តុបមុខវត្តចាក់អង្រែក្រោម លុះពេលធ្វើដំណើរមកដល់កន្លែងប៉ះកង់(នៅជិតស្តុបចំការមន) គាត់ឃើញកាបូបខ្មៅមួយនៅលើថ្នល់ ទើបគាត់ឈប់កង់បីចុះទៅរើសយកកាបូបលុយនោះមក។ បន្ទាប់មកគាត់ក៏ឡើងបើកកង់បីខ្មែររបស់គាត់បន្តដំណើរមកដល់កន្លែងចាំដឹកភ្ញៀវវិញ រួចបើកកាបូបដែលរើសបាននោះមើល នៅក្នុងកាបូបនោះមិនមានលុយទេ តែមានតែកាតធនាគារ៣-៤សន្លឹក, កាតគ្រីម៉ូតូ, ប័ណ្ណបើកបរ, និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានឈ្មោះ អ៉ឹម វណ្ណារ៉ា ភេទប្រុស មានទីលំនៅផ្ទះលេខ៥៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ចំពោះទង្វើមួយនេះ បានបង្ហាញឲ្យឃើញពីភាពទៀងត្រង់ ដែលពិតជាគួរឲ្យកោតសរសើរខ្លាំងណាស់ ខណៈដែលក្នុងកាបូបដែលរើសបាននេះ គឺមិនមានលុយក៏ដោយ តែបងប្រុសឃើញមាន ប័ណ្ឌសម្គាល់ខ្លួន ជាពិសេសកាតគ្រីនិងប័ណ្ណបើកបរ ដែលសុទ្ធតែជាឯកសារសំខាន់សម្រាប់ប្រើប្រាស់ និងពិបាកក្នុងការធ្វើថ្មី ទើបរក្សាទុកអោយម្ចាស់គេវិញទៅ។

ដូច្នេះសូមប្រិយមិត្តមេត្តាជួយស៊ែរ(Share)បន្តផង ដើម្បីឲ្យដឹងដល់ម្ចាស់កាបូបលុយនេះ បើសិនប្រិយមិត្តណាបានស្គាល់ម្ចាស់កាបូប ក៏អាចទំនាក់ទំនងពូអ្នករត់កង់បីខ្មែរ ដែលជាអ្នករើសបានដោយផ្ទាល់ក៏បានតាមរយៈលេខ 0967781754 ដើម្បីមកទទួលយកវិញផងដែរ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: