ធ្លាប់ជាប់គុកទើបចេញមកវិញមិនទាន់បានប៉ុន្មានផង ដើរលួចកាច់កញ្ចក់ឡានគេ ត្រូវគេចាប់បានទៀត
រាជធានីភ្នំពេញ ៖ ក្រុមចោរដៃឆើតបានជិះម៉ូតូ១គ្រឿងមកធ្វើសកម្មភាពកាច់កញ្ចក់រថយន្តម្ចាស់ហាង(54ល្ងាចស្រស់) ដែលទុកនៅខាងមុខហាង ខណៈដែលកំពុងធ្វើសកម្មភាព ត្រូវបានអ្នកស្គាល់ម្ចាស់ហាងឃើញទាន់ ស្រែកចោរហើយក៍ជួយដេញតាម រហូតត្រូវបានបងប្អូនប្រជាពលរដ្ឋជួយចាប់ឃាត់ខ្លួនម្នាក់ បាននៅចំណុចផ្លូវ១៧២ កែងផ្លូវព្រះនរោត្ដម ទើបចាប់បានប្រគល់ជូនសមត្ថកិច្ច ចំណែកម្នាក់ទៀតរត់បាត់ស្រមោល ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង០៩:១០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខភោជនីយដ្ឋាន 54 ល្ងាចស្រស់ លើផ្លូវ១៧៨ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពពីបុរសម្នាក់ដែលបានដេញចាប់ជនសង្ស័យ បានប្រាប់ឲ្យដឹងថា ខណៈពេលរូបគាត់កំពុងអង្គុយមុខហាងសុខៗ ស្រាប់តែលឺលំលេងផែស គាត់ក៏ងាកមើលឃើញជនសង្ស័យបានធ្វើសកម្មភាពកាច់កញ្ចក់រថយន្ត TUNDRA ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0454 ដែលជារថយន្តរបស់ម្ចាស់ហាង (54 ល្ងាចស្រស់) ដែលចតលើចិញ្ចើមផ្លូវទល់មុខហាងជាប់របងសាលាស៊ីសុវត្តិនោះ គ្រាន់តែឃើញភ្លាមរូបគាត់ស្រែកចោរៗ រួចដេញតាមជនសង្ស័យ រហូតដល់ផ្លូវ១៧២ កែងផ្លូវព្រះនរោត្ដម ទើបចាប់ជនសង្ស័យបានម្នាក់ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកនាំយកទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍ផ្សារថ្មី៣ ចំណែកឯបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។
ជនសង្ស័យមានឈ្មោះ នេត សាគុន អាយុ៣៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារទើបតែចេញមកវិញ។ បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិផ្សារថ្មី៣ បាននាំខ្លួនជនសង្ស័យទៅសួរនាំ និងចាត់ការបន្តតាមនិតិវិធីច្បាប់៕



អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត