ចំនួនអ្នកឆ្លងកូវីដ១៩ នៅសាំងហ្គាពួរកើនឡើងដល់ជាង ៣២,០០០ បន្ទាប់ពីមាន ៣៨៣ករណី ត្រូវបានបញ្ជាក់ថ្ងៃនេះ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា សាំងហ្គាពួរបានរាយការណ៍ករណីវីរុស COVID-19 ថ្មីចំនួន ៣៨៣ គិតត្រឹមថ្ងៃរសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ដែលនាំឱ្យចំនួនសរុបនៃការឆ្លងបានឈានដល់ ៣២,៣៤៣នាក់។ ក្រសួងសុខាភិបាល (MOH) បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃថា ភាគច្រើននៃករណីថ្មីគឺអ្នកកាន់ប័ណ្ណការងារដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ហើយមានករណីថ្មីតែ ១ ប៉ុណ្ណោះដែលជាពលរដ្ឋសាំងហ្គាពួរ ឬអ្នករស់នៅអចិន្ត្រៃយ៍។

ក្រសួងសុខាភិបាលសាំងហ្គាពួរបាននិយាយថា ចំនួនករណីដែលត្រូវបានរាយការណ៍នៅថ្ងៃអង្គារគឺតិចជាងមុន ដោយសារតែការធ្វើតេស្តគឺតិចជាងមុនដែរ ហើយនេះគឺជាថ្ងៃទីពីរជាប់គ្នាដែលការធ្វើតេស្តមិនសូវត្រូវបានធ្វើឡើង។ ក្រសួងបានបន្ថែមថា ព័ត៌មានលម្អិតនិងបច្ចុប្បន្នភាពបន្ថែមទៀតនឹងត្រូវប្រកាសនៅរាត្រីនេះ។ ចំណែកការស្លាប់ដោយសារផលវិបាកនៃការឆ្លងវីរុស COVID-19 របស់ដែនកោះមួយនេះ គឺនៅតែមានចំនួន ២៣ នាក់ដដែល៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia