កម្លាំងនគរបាលខណ្ឌមានជ័យចុះបង្ក្រាបគ្រឿងញៀនជាក់ស្ដែង នៅក្រោយរោងចក្រទឹកស៊ីអ៉ីវ ឃាត់ខ្លួនមនុស្ស៣នាក់ ដកហូតថ្នាំនិងវត្ថុតាងជាច្រើនទៀត!
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលចម្រុះ នៃអធិការដ្ឋានខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានបើកប្រតិបត្តិបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចដីឡូត៍ទុកចោលមួយកន្លែង នៅតាមផ្លូវលំ ក្រោយរោងចក្រទឹកស៉ីអ៉ីវ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រធានក្រុមអន្តរាគមន៍ពិសេសខណ្ឌមានជ័យ អនុសេនីយ៍ឯក ភក្ដី ម៉ាណេត បានប្រាប់ឲ្យក្រុមងារងារខ្មែរណូតថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ គឺដឹកនាំដោយលោកអធិការរង២រូប មានលោកវរសេនីយ៍ត្រី គីវ ភិវឌ្ឈន៍, និងលោកវរសេនីយ៍ទោ សោម សុគន្ធ បានចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀនជាក់ស្ដែង តែដោយសារក្រុមជនសង្ស័យមានគ្នាជិត២០នាក់ បានរត់ចែកជើងគ្នាព្រៀត ខ្លះរត់ឡើងរបង ខ្លះរត់ចូលគុម្ពព្រៃស្មៅ ខណៈសមត្ថកិច្ចមានគ្នាជាង១០នាក់ បានដេញឃាត់ខ្លួនបាន២នាក់ បន្ទាប់ពីរត់ឡើងរបងមិនរួច។ ចំណែកឯជនសង្ស័យម្នាក់ បានតដៃវាយទៅលើសមត្ថកិច្ចម្នាក់មានមាឌតូចជាងខ្លួន ដែលកំពុងរត់ដេញតាមចាប់ខ្លួនរូបគេនោះ រួចក៏ស្ទុះទៅរើសកូនកាំបិត មកបម្រុងសាក់សមត្ថកិច្ចទៀត ទើបកម្លាំងសមត្ថកិច្ចបានផ្ទុះអាវុធបាញ់ឡើងលើ ២គ្រាប់ ដើម្បីគំរាមដល់ក្រុមជនសង្ស័យផងដែរ ធ្វេីឲ្យជនសង្ស័យដែលតដៃជាមួយសមត្ថកិច្ចនោះ ភ័យស្លន់ស្លោរត់ចូលទៅក្នុងព្រៃសម្ងំលាក់ខ្លួន ។
ក្រោយមានការតដៃជាមួយកម្លាំងនគរបាលនោះ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី២ ដែលនៅកៀកគោលដៅបង្ក្រាបគ្រឿងញៀនខាងលើចេញជួយអន្ដរាគមន៍ ដើម្បីឈានដល់ការបង្ក្រាបបានជនសង្ស័យដែលរត់ចូលព្រៃនោះ, ស្រាប់តែកម្លាំងជំនួយមកទាន់មកដល់ផង ជនសង្ស័យក៏បានស្ទុះរត់សំដៅចេញមក ទើបកម្លាំងសមត្ថកិច្ច បាញ់ឡើងលើ២គ្រាប់ទៀត គំរាមជនសង្ស័យកុំអោយរត់ទៀត ទើបចាប់ឃាត់ខ្លួនបានតែម្ដង និងត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងមួយចំនួនដូចជា ៖ ដាវចំនួន០២ដើម, ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន១២កញ្ចប់តូច និង២កញ្ចប់ធំ រួមទាំងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
មួយសន្ទុះក្រោយមកស្រាប់តែមេឃធ្លាក់ភ្លៀងមកតែម្ដង ធ្វើឲ្យកម្លាំងសមត្ថកិច្ចនាំខ្លួនជនសង្ស័យ ទៅជ្រកភ្លៀងនៅក្រោមតំបូលរោងចក្រនៅជិតនោះសិន មុននឹងបញ្ជូនឡើងរថយន្តរបស់សមត្ថកិច្ចយកទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការសាកសួរយកចម្លើយ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តនីតិវិធីច្បាប់៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត