ប្រទេសថៃរកឃើញករណីកូវីដ១៩ ថ្មីចំនួន ៩នាក់ ហើយក្នុងចំណោមពួកគេមាន ២នាក់ មិនបានចេញរោគសញ្ញានោះទេ
វេជ្ជបណ្ឌិតលោក Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុស COVID-19 នៅថ្ងៃពុធ ទី២៧ ខែឧសភា បានឱ្យដឹងថា មានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៩ ត្រូវបានបញ្ជាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីសរុបកើនឡើងដល់ ៣,០៥៤នាក់។ ក្នុងចំណោមករណីថ្មីៗទាំង ៩ មានករណីចំនួន ២ គឺជាអ្នកដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក។ បុរសទាំង ២នាក់ ម្នាក់មានអាយុ ១៨ និងម្នាក់ទៀតមានអាយុ ២៧ឆ្នាំ បានហោះត្រឡប់មកពីអាមេរិកវិញនៅថ្ងៃទី១២ ខែឧសភា ហើយត្រូវបានគេរកឃើញមានផ្ទុកវីរុស COVID-19 នៅថ្ងៃទី២៦ ខែឧសភា ពោលគឺនៅថ្ងៃចុងក្រោយនៃការដាក់ដាច់ដោយឡែក ហើយពួកគេមិនចេញរោគសញ្ញានោះទេ។
![]()
គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ចំនួនករណីដែលត្រូវបានបញ្ជាក់សរុបនៅក្នុងប្រទេសថៃមានចំនួន ៣,០៥៤ ហើយមានអ្នកជំងឺ ៦៦នាក់ កំពុងស្ថិតក្រោមការព្យាបាល ខណៈអ្នកជំងឺចំនួន ២,៩៣១នាក់ បានជាសះស្បើយនិងត្រូវបានរំសាយចេញ និងមានអ្នកស្លាប់សរុបចំនួន ៥៧នាក់។ ចំណែកទូទាំងពិភពលោកចំនួនករណីវីរុស COVID-19 ដែលបានបញ្ជាក់សរុបមានប្រហែល ៥.៥ លាននាក់ ជាមួយនឹងការស្លាប់មានប្រហែល ៣៥០,០០០ នាក់ ហើយប្រទេសប្រេស៊ីលហក់ឡើងដល់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក ជាមួយនឹងករណីសរុប ៣៩០,០០០នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand