កូវីដ-១៩

សាំងហ្គាពួរថ្ងៃនេះមានករណីអ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃហក់ឡើងដល់ ៦១១នាក់

BY
autoadmin
May 29, 2020

យោងតាមការចុះផ្សាយ The Straits Times បានឱ្យដឹងថា សាំងហ្គាពួរមានករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៦១១ ត្រូវបានបញ្ជាក់ជាបឋមសម្រាប់ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ ដោយក្នុងនោះមានករណីជាជនជាតិសាំងហ្គាពួរ និងអ្នករស់នៅអចិន្ត្រៃយ៍ ៣នាក់។ ភាគច្រើននៃករណីដែលនៅសេសសល់គឺជាពលករបរទេស ដែលកំពុងរស់នៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករ។ ការឆ្លងថ្មីៗនេះនាំឱ្យចំនួនករណីសរុបរបស់សាំងហ្គាពួរកើនដល់ ៣៣,៨៦០នាក់ ហើយការស្លាប់សរុបនៅតែមាន ២៣ នាក់ដដែល។ ក្រសួងសុខាភិបាលបាននិយាយថា ព័ត៌មានលម្អិតនឹងត្រូវផ្សាយជូននៅពេលក្រោយនៅរាត្រីថ្ងៃសុក្រ។

កាលពីម្សិលមិញវាគឺជាលើកដំបូងសម្រាប់សាំងហ្គាពួរ ចាប់តាំងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែលប្រទេសនេះមិនមានករណីថ្មីៗទាក់ទងនឹងអ្នករស់នៅអចិន្ត្រៃយ៍ ឬជនជាតិសាំងហ្គាពួរផ្ទាល់។ កាលពីថ្ងៃព្រហស្បតិ៍នេះក៏មានអ្នកជំងឺ COVID-19 សរុបចំនួន ១,០១៨ នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ បន្ទាប់ពីក្រសួងសុខាភិបាលផ្លាស់ប្តូរពីរបៀបដែលអ្នកជំងឺអាចត្រូវរំសាយពីមន្ទីរពេទ្យ។ ការអនុវត្តថ្មីនេះគឺតម្រូវឱ្យអ្នកជំងឺទាំងអស់ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល ២១ថ្ងៃ អាចរំសាយចេញបាន ទោះបីជានៅវិជ្ជមានក៏ដោយ ព្រោះអ្នកជំងឺមិនអាចចម្លងមេរោគទៅអ្នកផ្សេងនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: