សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រដាសប្រាក់ $1 $2 និង $5 អាចចាយបានធម្មតាក្នុងប្រទេសកម្ពុជា ដោយគ្មានការកាត់ទឹកអ្វីទាំងអស់
នៅមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើការបង្ហោះបញ្ជាក់កុំឲ្យបងប្អូនមានការភ័ន្តច្រលំ ដោយសម្តេចបានបញ្ជាក់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសអោយបានជ្រាបបន្ថែមលើការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនអោយចាយដូចពាក្យចចាមអារាមនោះទេ។

ក្នុងករណីប្រសិនបើមានការបញ្ឈប់អោយចរាចរណ៍ចាយលុយក្រដាស់ប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការពីធនាគារជាតិនៃកម្ពុជាមិនខាន។ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹកឬកាត់ផុកអ្វីទាំងអស់។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងចៀសផុតពីជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា៕
