ប្រទះឃើញរូបសំណាក់ព្រះគោ នៅខេត្តព្រះវិហារ ហើយពលរដ្ឋម្នាក់លួចយកទៅបាត់ភ្លាមៗ តែចុងក្រោយភ្ញាក់រលឹកប្រគល់អោយសមត្ថកិច្ចវិញ
មានហេតុការណ៍ប្រទះឃើញវត្ថុបុរាណមួយគឺរូបសំណាក់ព្រះគោ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយក៏បានបាត់វិញភ្លាមៗ នៅយប់ថ្ងៃទី៣១ ខែឧសភា ដដែលនេះ។ រូបសំណាក់ដែលបានរកឃើញនិងបាត់ទៅវិញនោះជារូបសំណាក់ព្រះគោ ដែលធ្វើអំពីថ្ម ជាវត្ថុបុរាណដែលបន្សល់ទុករាប់រយឆ្នាំមកហើយ។

ដោយមានការចង្អុលដឹកនាំ ពីលោក ឧត្ដមសេនីយ៍ទោ សួសសុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរៈសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត និងកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលយាង សហការណ៍ជាមួយអាជ្ញារធរភូមិ ចុះស្រាវជ្រាវរុករករូបសំណាក់ព្រះគោ ដែលជាវត្ថុបុរាណ ប្រជាពលរដ្ឋបានប្រទេះឃើញរួចបានបាត់ទៅវិញ ជាបន្ទាន់។ ក្រោយពីបានស្រាវជ្រាវរួចមកប្រជាពលរដ្ឋម្នាក់ ឈ្មោះ លាក់ ជាតិ ភេទប្រុស អាយុ៣២ឆ្នាំ សព្វថ្ងៃរស់នៅភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសហការណ៍ និងភ្ញាក់រលឹកប្រគល់រូបសំណាក់ព្រះគោនោះមកអោយ សមត្ថកិច្ចយេីងវិញ ដើម្បីប្រគល់ជូនកម្លាំងជំនាញបេតិកភ័ណ្ឌខេត្តយកទៅរក្សាទុកជាបណ្ដោះអាសន្ន និងអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំបន្តទៀត៕






