ផឹកស៊ីរួច បើកម៉ូតូឌុបមិត្តភ័ក្រ្តទៅផ្ទះ ត្រឡប់ទៅផ្ទះវិញ បុករថយន្តពីក្រោយបាក់ភ្លៅម្ខាង ហើយកូនប្រុសចុកចុងដង្ហើម
បន្ទាយមានជ័យ ៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ភ្លៅម្ខាង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុករថយន្តដែលខូចគាំងពីក្រោយ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០២៤៣-០២៤៤ ស្ថិតនៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ស្រី សៅរ៍ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិគោកពង្រ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម គ្មានស្លាកលេខ និងអ្នករួមដំណើរឈ្មោះ ពៅ វិសា ភេទប្រុស អាយុ ៥ឆ្នាំ នៅភូមិជាមួយ ត្រូវជាកូនបង្កើត ។
លោកអធិការបានបញ្ជាក់ថា ៖ មុនពេលកើតហេតុជនរងគ្រោះ បានផឹកស៊ីនៅផ្ទះរួច បានបើកម៉ូតូនាំមិត្តភ័ក្រ្ត ត្រឡប់ទៅផ្ទះវិញ ដោយមានកូនអាយុ៥ឆ្នាំទៅជាមួយ ។ពេលជូនមិត្តភ័ក្ត្រដល់ផ្ទះ ត្រឡប់មកវិញ ក៏ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយធ្វើដំណើរពីទិសខាងលិចទៅកើត ពេលដល់ចំណុចកើតហេតុបានបុករថយន្ត គ្រឿងម៉ាក DVO ពណ៌ក្រហម ពាក់ស្លាកលេខ ភព 3F 1121 ពីក្រោយដែលខូចឈប់ចតលើគន្លងម៉ូតូ ស្របទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូជាឪពុកបាក់ភ្លៅខាងស្តាំរបួសធ្ងន់ និងកូនចុកចុងដង្ហើម របួសស្រាល ។ជនរងគ្រោះទាំង២នាក់ឪពុក និងកូនត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ។ រថយន្តខូចខាតស្រាល ម៉ូតូខូចស្រាល នគរបាលជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំធ្វើការដោះស្រាយ នៅពេលក្រោយ ៕ប្រភព៖ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម




