ឃាត់ខ្លួនស្ត្រីជនជាតិខ្មែរកាត់វៀតណាមម្នាក់ ដកហូតថ្នាំញៀន៣កញ្ចប់ធំ សរុបជិតកន្លះគីឡូក្រាម នៅប្លុកមាត់ទន្លេ ក្នុងសង្កាត់ចាក់អង្រែលើ
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានបង្រ្កាបជនសង្ស័យម្នាក់ និងដកហូតគ្រឿងញៀនបាន៣ថង់ធំសរុបជិតកន្លះគីឡូក្រាម នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅផ្ទះគ្មានលេខផ្លូវលំ(មាត់ទន្លេ) ស្ថិតនៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ស្ត្រីជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន គឺជាមុខសញ្ញាជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន មានឈ្មោះ ផែង សុខខី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (កាត់វៀតណាម) មុខរបរអ្នកបោសសំអាតផ្ទះ ស្នាក់នៅផ្ទះជួល(មាត់ទន្លេ) ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ត្រី អុំ រតនា នាយប៉ុស្តិ៍នគរបាលចាក់អង្រែលើ បានឲ្យដឹងថា កាលពីវេលាម៉ោង១៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ល្បាតប៉ុស្តិ៍ចាក់អង្រែលើនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចេញល្បាតពេលរាត្រី ដើម្បីបង្ការបទល្មើសក្នុងមូលដ្ឋាន មកដល់ចំណុចផ្លូវលំកន្លែងឃាត់ខ្លួនខាងលើបានប្រទះឃើញស្រ្តីជនសង្ស័យដែលជាមុខសញ្ញាជួញដូរ កំពុងដើរតាមផ្លូវកាន់ថង់យួរ ដោយមានការសង្ស័យ កម្លាំងក៏បានឃាត់សុំត្រួតពិនិត្យ ជាក់ស្ដែងបានរកឃើញក្រាមសថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន០៣កញ្ចប់ធំ ទើបចាប់ដាក់ខ្នោះឃាត់ខ្លួន រួមទាំងដកហូតវត្ថុតាងខាងលើនាំមកកាន់ស្នាក់ការប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីសាកសួរតែម្ដង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា វត្ថុតាងក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ធំខាងលើជារបស់ខ្លួនពិតប្រាកដមែន ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនេះ បន្ទាប់ពីធ្វើការសាកសួររួច លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ មានទាំងកម្លាំងប៉ុស្តិ៍ចាក់អង្រែលើដឹកនាំដោយវរសេនីយ៍ត្រី អុំ រតនា នាយប៉ុស្តិ៍ បានចុះទៅឆែកឆេរផ្ទះស្រ្តីជនសង្ស័យបន្តទៀត ដោយមានការសហការជាមួយលោកមេភូមិ និងលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើចុះទៅឆែកឆេរ និងបានដកហូតវត្ថុតាងមួយចំនួនបន្ថែមទៀតផងដែរ។
បច្ចុប្បន្នក្រោយការឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចបាននាំយកទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត