ប្រទេសចិនរកឃើញករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ១៦ករណី ដែលជាតួលេខខ្ពស់បំផុតមួយតាំងពីខែឧសភា
គណៈកម្មការសុខភាពរបស់ប្រទេសចិនបានរាយការណ៍ថា ខ្លួនបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៦ករណី សម្រាប់ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១១ ខែឧសភា ខណៈដែលមុននោះមួយថ្ងៃមានតែ ២ករណី ត្រូវបានរាយការណ៍ប៉ុណ្ណោះ។ នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា ករណីថ្មីទាំងអស់ជាការនាំចូលដែលមានទាំងអ្នកធ្វើដំណើរមកពីបរទេសផងដែរ។ ក្នុងចំណោមករណីថ្មីៗ ៣ ថ្ងៃមកនេះ ចិនក៏បានរកឃើញករណីមិនចេញរោគសញ្ញាថ្មីចំនួន ១៦ ករណីបន្ថែម។ ដូច្នេះចំនួនករណីដែលបានបញ្ជាក់នៅចិនដីគោកពេលនេះមានចំនួន ៨៣,០១៧ នាក់ ខណៈចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរ ដោយមាន ៤,៦៣៤ នាក់ដដែល នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia ។

យោងតាមការបូកសរុបរបស់សាកលវិទ្យាល័យចនហបគីនស៍នៅសហរដ្ឋអាមេរិកបង្ហាញថា ករណីទូទាំងពិភពលោកពេលនេះមានចំនួន ៦,១០៨,៥២៥ ករណី ខណៈចំនួនអ្នកស្លាប់មានចំនួន ៣៧០,៤១៦នាក់។ សហរដ្ឋអាមេរិកឈរលើតារាងដដែលដោយមានករណីចំនួន ១,៧៧៨,៥១៥ ហើយបន្ទាប់មកគឺប្រេស៊ីល ដែលមាន ៤៩៨,៤៤០ ករណី ចំណែកប្រទេសរុស្ស៊ីឈរលេខ៣ ដោយមានចំនួន ៤០៥,៨៤៣ ករណី។ ចំនួនអ្នកស្លាប់របស់សហរដ្ឋអាមេរិកក៏មានចំនួនខ្ពស់បំផុតជាងគេនៅលើពិភពលោកផងដែរ ពោលគឺមាន ១០៤,០៥១នាក់។ ប្រទេសអង់គ្លេសមានអ្នកស្លាប់ច្រើនបំផុតទី២ ដោយមានចំនួន ៣៨,៥៧១នាក់ បន្ទាប់មកគឺប្រទេសអ៊ីតាលីមានចំនួន ៣៣,៤១៥ នាក់, ប្រេស៊ីល ២៨,៨៣៤ នាក់, ប្រទេសបារាំងមានចំនួន ២៨,៧៧៤ នាក់ និងប្រទេសអេស្ប៉ាញមានចំនួន ២៧,១២៧ នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia, NHK