សាំងហ្គាពួររសៀលនេះមានករណីកូវីដ១៩ថ្មីចំនួន ៤០៨នាក់ នាំឱ្យករណីសរុបមានដល់ជាង ៣៥,០០០នាក់
យោងតាមការចុះផ្សាយរបស់ Channel News Asia នៅថ្ងៃច័ន្ទ ទី០១ ខែមិថុនា បានឱ្យដឹងថា សាំងហ្គាពួររកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤០៨នាក់ និងគ្មានករណីថ្មីនៅក្នុងសហគមន៍នោះទេ។ នេះជាលើកទីមួយក្នុងរយៈពេលជាង ៣ខែ ដែលសាំងហ្គាពួរមិនមានករណីសហគមន៍ថ្មីណាមួយ ត្រូវបានរាយការណ៍នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល។ តួលេខថ្មីចុងក្រោយធ្វើឱ្យចំនួនឆ្លងសរុបរបស់សាំងហ្គាពួរមានដល់ ៣៥,២៩២នាក់ ហើយការស្លាប់មាន ២៣នាក់ដដែល។

ការរឹតត្បឹតរបស់សាំងហ្គាពួរនឹងត្រូវបន្ធូរបន្ថយនៅថ្ងៃច័ន្ទនេះផងដែរ ដោយមានការបន្ធូរបន្ថយចែកចេញជា ៣ ដំណាក់កាល ចាប់ផ្ដើមពីថ្ងៃបន្ទាប់នេះតទៅ។ ស្ថិតក្នុងដំណាក់កាលទី១ អាជីវកម្មដែលប្រតិបត្តិការដោយមានហានិភ័យនៃការឆ្លងទាប នឹងត្រូវបានអនុញ្ញាតឱ្យបើកសារជាថ្មីដោយផ្អែកលើតម្រូវការរក្សាគម្លាតប្រកបដោយសុវត្ថិភាព។ ចំណែកដំណាក់កាលទី២ អាចនឹងចាប់ផ្តើមនៅចុងខែមិថុនា ប្រសិនបើចំនួននៃការឆ្លងជំងឺ COVID-19 នៅក្នុងសហគមន៍នៅតែមានកម្រិតទាប និងមានស្ថេរភាព៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia