ចែករំលែកអារម្មណ៍អ្នកជាមួយអាល់ប៊ុមថ្មីរបស់កញ្ចនា ដើម្បីប្រែក្លាយអារម្មណ៍អ្នកជាបទចម្រៀង
- June 3, 2020
តារាចម្រៀង ចិត្ត កញ្ចនា ដែលមហាជនទទួលស្គាល់ថាជាតារា ចម្រៀង Original Song ដោយសារតែស្នាដៃនិពន្ធបទចម្រៀងមិនចំលងពីគេនោះ បានកំពុងតែបញ្ចេញនូវ Albumចម្រៀងថ្មី ដែលមានចំណងជើងថា “អារម្មណ៍”។ Album “អារម្មណ៍” ដែលមានបទចម្រៀងសរុបចំនួន ៨បទនោះ គឺសុទ្ធតែជាសាច់រឿងពិត អារម្មណ៍ពិត ដែលកញ្ចនា បានធ្វើការសំភាសន៍ផ្ទាល់។ កញ្ញា កញ្ចនាបានលើកឡើងថា Album ថ្មីដែលកញ្ញបានចំណាយពេល ប្រហែលមួយឆ្នាំដើម្បីផលិតនេះ គឺកញ្ញាបានសំភាន៍សាច់រឿងផ្ទាល់ពីអ្នកគាំទ្រនិងមិត្តជិតស្និតរបស់កញ្ញា ដែលក្នុងនោះមានគ្រប់រសអារម្មណ៍ពិតទាំង ស្រលាញ់ សប្បាយ កើតទុក្ខ និងអារម្មណ៍អណ្តែតអណ្តូងដែលកើតមានលើបុគ្គលម្នាក់ៗ។
ក្នុងនោះកញ្ញាក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមបទទាំង៨បទនេះ កញ្ញានឹងទុកបទចម្រៀង ៣បទ ដើម្បីត្រៀមជ្រើសរើសនូវសាច់រឿងបន្ទាប់ ពីអ្នកគាំទ្ររបស់កញ្ញាតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់កញ្ញា (Facebook Page: Kanhchna Chet-ចិត្ត កញ្ចនា)។ កញ្ញាបានបន្ថែមទៀតថា វាពិតជាមានការលំបាកខ្លាំង បូករួមទាំងការចំណាយពេលវេលា និងថវិការជាច្រើនសម្រាប់ការផលិតAlbumនិមួយៗ ដោយសារតែកញ្ញជាអ្នកចម្រៀងផង ជាអ្នកនិពន្ធផង និងជាអ្នកសិល្បៈឯករាជ្យម្នាក់ទៀត ប៉ុន្តែ ក្តីស្រមៃរបស់កញ្ញ គឺកញ្ញមានមហិច្ឆតាចង់ចូលរួមជំរុញអោយវិស័យឧស្សាហ៍កម្មតន្រ្តីរបស់ប្រទេសកម្ពុជា អោយមានការវិឌ្ឍន៍លឿនទៅមុខ ក្នុងកំរិតស្តង់ដារមួយដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងទូទាំងសកលលោកបានផងដែរ។ កញ្ញាបានបន្តទៀតថា ដើម្បីអោយវិស័យឧស្សាហ៍កម្មតន្រ្តីនេះអាចមានការវិឌ្ឍន៍លឿនទៅមុខបាន លុះត្រាតែមានការចូលរួមនិងអោយតម្លៃនូវស្នាដៃនិពន្ធ និង ស្នាដៃច្នៃប្រឌិតថ្មីៗ ពីអ្នកគាំទ្រទាំងអស់គ្នា។ កញ្ចនា “ពួកខ្ញុំជាសិល្បៈករទាំងអស់បានបំពេញភារកិច្ចខិតខំប្រឹងប្រែងបង្កើតនិង អភិវឌ្ឍស្នាដៃសិល្បៈហើយ ការងារបន្ទាប់គឺត្រូវពឹងផ្អែកលើមហាជនដែលជាអ្នកគាំទ្រទាំងអស់ អោយចូលរួមលើកស្ទួយនិងអោយតម្លៃសិល្បៈករក្នុងស្រុក ដូចដែលគាត់គាំទ្រសិល្បៈករបរទេសដែរ នោះវិស័យចម្រៀងយើងនឹងអភិវឌ្ឍទៅមុខលឿនដូចគ្នា”។
ជាចុងក្រោយ កញ្ញាក៏ឆ្លៀតថ្លែងអំណរគុណដល់ ក្រុមការងារផលិត របស់កញ្ញា អ្នកគាំទ្ររបស់កញ្ញាទាំងអស់ និងហាងកាហ្វេ Luna & Bakery ដែលបានចូលរួមសហការណ៍ក្នុងការសម្ពោធ Album “អារម្មណ៍” នេះ។ អ្នកនាង ឈុន សុភារ័ត្ន នាយិកា ហាងកាហ្វេ Luna & Bakery ក៏បានមានមតិអំពីការគាំទ្រសិល្បៈដែលមិនចំលងពីគេនេះថា “ក្នុងនាម ខ្ញុំជានាយិកា និងជាអ្នកតំណាងអោយហាងកាហ្វេ Luna & Bakery ទាំងមូល ពួកយើងពិតជាអោយតម្លៃខ្លាំងមែនទែនទៅលើសិល្បៈនៃការបង្កើតថ្មីរបស់សិល្បៈករក្នុងស្រុក ហើយពិតជាមានមោទនភាពណាស់ ដែលពួកយើងបានចូលរួមលើកស្ទួយវិស័យតន្រ្តីនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ហាងកាហ្វេ Luna & Bakery ពួកយើងផ្តោតសំខាន់ខ្លាំងណាស់ទៅលើ គុណភាព សុខភាព និងអនាម័យជាចំបង ដូចដែល កញ្ចនា ផ្តោតសំខាន់ទៅលើគុណភាពនៃសិល្បៈរបស់គាត់ផងដែរ”៕
- Share This Post: