និយាយមិនចេះស្តាប់គ្នា អាជ្ញាធរប្រើធម៌ក្តៅចាប់ម៉ូតូអតិថិជនធនាគារ ABA សាខាច្រមុះជ្រូកស្ទឹងមានជ័យ ចតលើផ្លូវគ្មានសណ្ដាប់ធ្នាប់ បង្កការកកស្ទះ និងអ្នកលក់ដូររំលោភចំណីផ្លូវ យកទៅសាលាសង្កាត់ធ្វើការណែនាំ
រាជធានីភ្នំពេញ ៖ កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌមានជ័យ សហការជាមួយអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ និងប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈក្នុងមូលដ្ឋាន ចាប់ដកហូតសម្ភារៈមួយចំនួន និងម៉ូតូជាច្រើនគ្រឿងលើកឡើងកង់បីយកទៅសាលាសង្កាត់ និងបានណែនាំអប់រំធ្វើកិច្ចសន្យាសាមីខ្លួនចំនួន៩នាក់ ដោយបានផ្តិតមេដៃទទួលស្គាល់ នៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចូលរួមបញ្ឈប់សកម្មភាពលក់ដូររំលោភយកចិញ្ចើមផ្លូវបែបនេះទៀត ។

សូមបញ្ជាក់ថា កន្លងមកអ្នកលក់ដូរទាំងនោះមិនបានចូលរួមសហការជាមួយអាជ្ញាធរឡើយ ពួកគាត់តែងចាត់ទុកទីតាំងតាមផ្លូវនានា ជាទីផ្សារប្រជុំជនមួយ ដែលពួកគាត់តែងតែបង្កការកកស្ទះចរាចរណ៍តាមផ្លូវ លក់ដូរគ្មានសណ្តាប់ធ្នាប់ រំលោភយកចិញ្ចើមផ្លូវ ឫចំណីថ្នល់ធ្វើជាកម្មសិទ្ធិលក់សំភារៈផ្តាច់មុខដូចជា ត្រី សាច់ បន្លែ ខោអាវ -ល- ពិសេសបង្កភាពខ្វះអនាម័យ ចោលសំរាម បន្សល់ទុកកាកសំណល់ ស្អុយមកលើផ្លូវជារៀងរាល់ថ្ងៃ។
លោក ដុះ គឹមឈី សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទី១ បានថ្លែងប្រាប់ថា ពាក់ព័ន្ធនឹងការងាររៀបចំសណ្តាប់ធ្នាប់រំដោះចិញ្ចើមផ្លូវនេះ ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញពីសំណាក់ លោក ពេជ្រ កែវមុនី អភិបាលនៃ គណៈអភិបាលខណ្ឌមានជ័យ កម្លាំងអាជ្ញាធរមូលដ្ឋានសង្កាត់នីមួយៗត្រូវធ្វើឲ្យបានជាប្រចាំទាំងព្រឹកទាំងល្ងាច និងយោងតាមមតិដឹកនាំរបស់លោក មា សុភាព អភិបាលរងខណ្ឌមានជ័យ ក្នុងកិច្ចប្រជុំការងារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានសង្កាត់ទាំង៧ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ រួមទាំងអនុវត្តន៍តាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្សព្វផ្សាយ និងចែកជូនដល់អ្នកម្ចាស់ផ្ទះ និងអ្នកលក់ដូរនៅតាមដងផ្លូវរួចរាល់ផងនោះ ចាប់ពីនេះតទៅ នៅពេលកម្លាំងចម្រុះ រៀបចំសណ្តាប់ធ្នាប់ ឈប់ណែនាំតទៅទៀតយូរឆ្នាំហើយ យើងធ្វើដើម្បីប្រយោជន៍សាធារណៈ ហើយរាល់ការលក់ដូររំលោភបំពានលើចំណីផ្លូវ គឺធ្វើការដកហូតសម្ភារៈតែម្តង ។

ជាក់ស្ដែងកាលវេលាម៉ោង១៥៖០០នាទីរសៀល ថ្ងៃអង្គារ៍ ទី២ ខែមិថុនាឆ្នាំ២០២០នេះ កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌមានជ័យ សហការជាមួយសង្កាត់ស្ទឹងមានជ័យទី១ ប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ មានកម្លាំងចូលរួមសរុបចំនួន៣៥នាក់ បានចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ លើកំណាត់ផ្លូវព្រះមុនីរ៉េត (២១៧) ចាប់ពីចំណុចមុខវត្តចង្ក្រានតាព្រហ្ម-ស្ទឹងមានជ័យ រហូតដល់ផ្លូវបំបែក ច្រមុះជ្រូកស្ទឹងមានជ័យ ដែលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក ដុះ គឹមឈី បន្តថា នៅក្នុងចុះការៀបចំនេះកម្លាំងយើងបានដកហូតសម្ភារៈមួយចំនួន និងបានណែនាំអប់រំធ្វើកិច្ចសន្យាសាមីខ្លួនផ្តិតមេដៃចំពោះមុខអាជ្ញាធរមានសមត្ថកិច្ចបានចំនួន៩នាក់ និងម៉ូតូជាច្រើនគ្រឿង ដែលចតគ្មានសណ្ដាប់ធ្នាប់បង្កការកកស្ទះចរាចរណ៍ដល់អ្នកដំណើរ និងសូមចូលរួមបញ្ឈប់សកម្មភាពលក់ដូរ ដែលធ្វើឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់ចរាចរណ៍តាមផ្លូវទីសាធារណៈនេះបន្តទៀត។
ជាមួយគ្នានោះនៅក្នុងការៀបចំសណ្តាប់ធ្នាប់ខាងលើនេះ មហាជនគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាន ដែលបានរៀបចំនៅសណ្តាប់ធ្នាប់នៅតាមផ្លូវសាធារណៈ ហើយក៏មានផលអវិជ្ជមានខ្លះដែរ ជាពិសេសបងប្អូនអ្នកលក់ខ្លះ បានខឹងច្រឡោតជេស្តី ប្រើសម្ដីមិនសមរម្យជាដើម ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត