ព័ត៌មានជាតិ

យុវជនទំនើង២ក្រុម ទាស់សំដីគ្នា ម្ខាងគប់ដុំថ្ម ម្ខាងទៀតដកកាំភ្លើងបាញ់ ផ្អើលដល់សមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់

BY
Khmernote Media
June 5, 2020

រាជធានីភ្នំពេញ ៖ យុវជនទំនើង២ក្រុម ទាស់សំដីគ្នានិងគប់ដុំថ្មដាក់គ្នាឈានទៅដល់ការផ្ទុះអាវុធ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាល និងកំម្លាំងរាជអាវុធហត្តខណ្ឌ ចុះមកអន្តរាគមន៍។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខអនុវិទ្យាល័យចតុមុខ តាមបណ្ដោយផ្លូវព្រះនរោត្ដម កែងផ្លូវ២០២ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនមួយក្រុម២ម៉ូតូមានគ្នា៤នាក់ បានជិះម៉ូតូ (មិនចាំម៉ាកនិងផ្លាកលេខ) បានឈប់ទិញនំដែលលក់កន្លែងចំណតរថយន្តក្រុង មុខរបងសាលាចតុមុខ ហើយបានស្រែកថាឲ្យក្រុមយុវជនមួយក្រុមទៀត ដែលជិះម៉ូតូ៣គ្រឿង មានគ្នា៤ទៅ៥នាក់ ដែលកំពុងធ្វើដំណើរស្របទិសគ្នាពីត្បូងទៅជើង រួចក៏បានជិះម៉ូតូត្រឡប់ក្រោយវិញ បម្រុងចូលសួរ ស្រាប់តែភាគីដែលឈប់ទិញនំ បានយកដុំថ្មគប់ទៅក្រុមនោះ បណ្ដាលឲ្យត្រូវម៉ូតូមួយគ្រឿង ធ្វើឲ្យភាគី ខឹងបានដកកាំភ្លើងខ្លីបាញ់ឡើងលើចំនួន៣គ្រាប់ ហើយដេញក្រុមដែលប្រើដុំថ្មរត់ចែកជើងគ្នា ដោយម្នាក់រត់ផ្លោះរបងចូលសាលា និង៣នាក់ទៀតរត់ចូលហាង(បបរកង្កែប) ដែលនៅក្បែនោះ ហើយក្រុមដែលមានកាំភ្លើងក៏បានបាញ់បន្ថែមចំនួន២គ្រាប់ទៀត រួចបើកម៉ូតូគេចបាត់ស្រមោល និងបន្សល់ទុកម៉ូតូ២គ្រឿងរបស់ភាគីខាងគប់ដុំថ្ម នៅកន្លែងកើតហេតុផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានចុះមកដល់កន្លែងកើតហេតុ បានយកម៉ូតូទាំង២គ្រឿងទៅរក្សាទុក និងរុករកឃាត់ខ្លួនយុវជនទាំង៤នាក់ ទៅសួរនាំនៅប៉ុស្តិ៍ ក្រោយសួរនាំរួចុវជននោះបានសារភាពថា ពិតជាបានគប់ដុំថ្មទៅលើភាគីម្ខាងទៀតពិតប្រាកដមែន ទើបសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់បន្ត ។
ចំណែកឯកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញក៏បានចុះមកដល់ និងរើសយកសំបកគ្រាប់បានចំនួន៣គ្រាប់ យកទៅធ្វើរបាយការណ៍ រាយការណ៍ជូនថ្នាក់លើ ដើម្បីស្រាវជ្រាវរកក្រុមដែលផ្ទុះអាវុធផងដែរ ។ ចំណែកក្រុមផ្ទុះអាវុធ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ដើម្បីស្វែងចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: