ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៧ករណី ដែលនាំឱ្យករណីសរុបមានដល់ ៣,១១៩នាក់
យោងតាមកាសែតបាងកកប៉ុស្ដិ៍បានឱ្យដឹងថា រដ្ឋាភិបាលថៃបានរកឃើញករណីជំងឺ COVID-19 ចំនួន ៧ករណី និងគ្មានអ្នកស្លាប់ថ្មីទេ សម្រាប់ថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសមានដល់ ៣,១១៩ នាក់ និងស្លាប់សរុប ៥៨នាក់ ចាប់តាំងពីខែមករា។ ករណីថ្មីទាំងអស់ត្រូវបានរកឃើញនៅកន្លែងដាច់ដោយឡែករបស់រដ្ឋាភិបាល ហើយនេះជាសប្ដាហ៍ទី២ ដែលប្រទេសថៃមិនមានការរាយការណ៍ពីករណីនៅក្នុងសហគមន៍។

ប្រទេសថៃបានរាយការណ៍ករណីចំនួន ៧៧ករណី ក្នុងរយៈពេល ១៤ថ្ងៃ កន្លងមក ហើយករណីទាំងអស់ជាករណីនាំចូលពីបរទេស។ ពោលគឺករណីទាំង ៧៧ រកឃើញចេញពីអ្នកដំណើរត្រឡប់មកប្រទេសថៃ នៅពេលដែលពួកគេត្រូវបានដាក់នៅដាច់ដោយឡែក ២សប្ដាហ៍ នៅពេលមកដល់ប្រទេសថៃវិញ។ ក្នុងថ្ងៃនេះមានមនុស្សម្នាក់ទៀតបានជាសះស្បើយពីជំងឺ ដែលនាំឱ្យចំនួនអ្នកជំងឺដែលត្រូវបានជាសះស្បើយនិងរំសាយចេញពីមន្ទីរពេទ្យ មានដល់ ២,៩៧៣នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍