ព័ត៌មានជាតិ

ខឹងសមត្ថកិច្ចផាករឿង ជិះឡានធុនធំ មិនពាក់ខ្សែក្រវ៉ាត់ សរសេរបន្ថែមលើក្រដាសផាកពិន័យ “ថ្លៃបាយទឹក ៥០០០០៛” ឥលូវនេះនាយកដ្ឋាននគរបាលចរារណ៍ ស្នើឲ្យបកស្រាយបំភ្លឺ បើមិនដូច្នេះ នឹងចាត់វិធានការតាមច្បាប់

BY
Khmernote Media
June 7, 2020

នាយកដ្ឋាននគរបាលចរារណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សូមជម្រាបជូនសាធារណជនជ្រាបថា កាលពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២០ មានគណនីបណ្តាញសង្គម Facebook ឈ្មោះ “ទុយ វុឌ្ឍី” បានបង្ហោះបង្កាន់ដៃបង់ប្រាក់ពិន័យដែលមានសរសេរបន្ថែមដោយម្ចាស់គណនីថា “ថ្លៃបាយទឹក ៥០០០០៛”។ នាយកដ្ឋានសូមជម្រាបជូនសាធារណជនជ្រាបថា ពាក្យ “ថ្លៃបាយទឹក ៥០០០០៛” គឺសរសេរបន្ថែមដោយអ្នកប្រព្រឹត្តល្មើសខ្លួនឯងផ្ទាល់ មិនមែនមន្រ្តីនគរបាលចរាចរណ៍ឡើយ។ ដូច្នេះ សូមសាធារណជនកុំមានការភាន់ច្រឡំ និងសូមស្នើអោយម្ចាស់គណនី “ទុយ វុឌ្ឍី” ធ្វើការបកស្រាយបំភ្លឺជាបន្ទាន់។

មិនច្នេះទេ នាយកដ្ឋាននឹងចាត់វិធានការតាមច្បាប់ជាធរមាន។ នាយកដ្ឋានសូមជម្រាបជូនបន្ថែមថា កាលពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២០ ប្រហែលម៉ោង ៤ រសៀល ក្រុមល្បាតចល័យនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានចុះល្បាតតាមផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្ត ក្រុងស្ទឹងសែន (ផ្លូវក្រវ៉ាត់ក្រុង) ខេត្តកំពង់ធំ ក៏បានឃើញរថយន្តធុនធំមួយគ្រឿងដឹកថ្ម ពាក់ផ្លាកលេខ កំពង់ធំ.3A.0981 ដោយអ្នកបើកបរមិនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឡើយ។ ឃើញដូចនេះ សមត្ថកិច្ចបានឃាត់ និងពិន័យអ្នកបើបរចំនួន ១៥០.០០០៛ និងបានអប់រំណែនាំអោយពាក់ខ្សែក្រវ៉ាត់។ ក្រោយពិន័យរួច អ្នកបើកបរត្រូវបានអនុញ្ញាតអោយបន្តដំណើរទៅមុខបន្តទៀត និងបានបង្ហោះក្នុងគណនី Facebook របស់ខ្លួនដូចខ្លឹមសារខាងលើ៕

Share This Post: