សង្គម

បាត់ឪពុក២ថ្ងៃ កូនៗ និងសាច់ញាតិព្យាយាមដើររកគ្រប់ច្រកល្ហក ចុងក្រោយទទួលដំណឹងពីសមត្ថកិច្ចថា ឪពុកបានស្លាប់ សង្ស័យគេវាយប្លន់យកម៉ូតូ

BY
autoadmin
June 9, 2020

រាជធានីភ្នំពេញ៖ បាត់ឪពុក២ថ្ងៃ កូនៗនិងសាច់ញាតិក្មួយៗព្យាយាមដើររកគ្រប់ច្រកល្ហកដែរ តែរកមិនឃើញ ទោះជាខំផ្ដល់រូបភាពទៅខាងបណ្ដាញសារព័ត៌មាន និងបង្ហោះលើហ្វេសប៊ុកប្រកាសស្វែងរកបន្តបន្ទាប់គ្នាក៏ដោយ ចុងក្រោយបែរជាទទួលដំណឹងពីសមត្ថកិច្ចថា ឪពុករបស់គាត់បានស្លាប់ ដោយសង្ស័យករណីវាយសម្លាប់ប្លន់យកម៉ូតូ នៅក្រុងតាខ្មៅទៅវិញ ។

គួរបញ្ជាក់ថា បើតាមក្រុមគ្រួសារនិងកូនៗ បានប្រកាសស្វែងរកឪពុកបង្កើត មានឈ្មោះ យ៉ា សាម៉ាក់ អាយុ៥៥ ឆ្នាំ កាលពីវេលាគាត់បានចេញពីរផ្ទះទៅដឹកអីវ៉ាន់តាំងពីម៉ោង4:00ព្រឹក នៅថ្ងៃទី 7/6/2020 រហូតមកដល់វេលាពេលនេះ នៅថ្ងៃនេះនៅមិនទាន់បានដំណឹងពីគាត់នៅឡើយទេ ដោយចេញពីផ្ទះជួលនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ សំគាល់គាត់មានជាប់ម៉ូតូមួយគ្រឿង ម៉ាក ហុងដាស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខកណ្ដាល 1O-2442 ។

លុះនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមគ្រួសារទើបទទួលបានដំណឹងថា មានករណីប្រទះឃើញសាកសព កាលពីវេលាម៉ោង១៨:០០នាទីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចចុងស្ពានព្រែកអ្នកតា ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ០១នាក់ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស អាយុ ប្រហែលជាង៥០ឆ្នាំ កំពស់ ១.៧៤ ម៉ែត្រ សក់ខ្លីស្លូត ពាក់អាវដៃវែងកបើក មានឡេវពណ៌ប្រផេះខោជើងខ្លីមានហោប៉ាវសងខាង ពណ៌ទឹកដោះគោ។ វត្ថុតាងចាប់យកមាន មួកការពារសុវត្ថិភាព ពណ៌ខ្មៅ ចំនួន០១ និងស្បែកជើងស៊ក ពណ៌ខ្មៅ ០១គូរ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចក្រុងតាខ្មៅ បានឲ្យក្រុមការងារខ្មែរណូតដឹងពីសភាពរឿងហេតុថា តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅក្បែរ បានឲ្យដឹងថា៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៧:៣៥នាទី បានប្រទះឃើញសាកសពដេកស្លាប់នៅក្រោមចុងស្ពានព្រែកអ្នកតា នៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានរាយការណ៍ជូនមេភូមិ ប៉ុស្តិ៍រកាខ្ពស់ និងជូនសមត្ថកិច្ចផ្នែកជំនាញខេត្ត និងក្រុងចុះធ្វើការពិនិត្យ ។

សមាសភាពចូលរួមពិនិត្យ ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាលគ្រូពេទ្យ អាជ្ញាធរពិនិត្យឃើញថា៖ សាកសពមនុស្សប្រុស ស្លាប់ផ្គាប់មុខ មុខមានស្នាមមុតក្រោមចិញ្វើមខាងស្តាំ ប្រវែង ៨ស.ម ជំរៅ ចេញខួរមកក្រៅ មានស្នាមបាក់ខ្ទង់ច្រមុះ កាត់ទទឹងបញ្ឆិតខ្ទង់ច្រមុះ ដល់ឆ្អឹងថ្ពាល់ខាងឆ្វេង ផុងដល់ក្នុងប្រវែង ១៧ស.ម គ្មានធ្មេញ (ធ្មេញគ្រហ៊ុប) នៅសល់ធ្មេញថ្គាម២លើក្រោមខាងស្តាំ ក.ធម្មតា ឯសាកសពមានសភាពហើម ធំក្លិន ។

ការសន្និដ្ឋាន៖ ការពិនិត្យរបស់សមត្ថកិច្ចជំនាញបច្ចេកទេសខេត្តកណ្តាល ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ និងគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារ អំពើឃាតកម្ម ។ សាកសព ត្រូវបានអាជ្ញាធរយកទៅបូជា តាមប្រពៃណីនៅវត្តព្រះសីហនុរាជ្ស ហៅវត្តឈូងលាភ ។ ករណីនេះ សមត្ថកិច្ច បន្ដប្រកាសស្វែងរក អត្តសញ្ញាណជនរងគ្រោះនិងសាច់ញាតិ ក្រុមគ្រួរសារ ដើម្បីចូលរួមសហការ ។ សមត្ថកិច្ចបន្តស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីឈានមកកំណត់បាន អត្តសញ្ញាណជនសង្ស័យ និងបន្តចាត់ការតាមនីតិវិធី៕

Share This Post: