ទំនេរពេកស្ត្រី១៥នាក់នាំគ្នាលេងល្បែងស៊ីសង ខ្លះលេងស៉ីគូទឹក ខ្លះចាក់ខ្លាឃ្លោក ភ្លេចខ្លួនត្រូវសមត្ថកិច្ចមកចាប់ជាប់
ខេត្តកំពង់ធំ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើប្រាស់វិធានការជំនាញ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ចំនួន ០១ករណី កាលពីវេលាម៉ោង០៣ និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិសាស្ត្រ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរ បាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូ ងខេត្តកំពង់ធំ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចផ្ទះ ឈ្មោះ ឆឹង សឿន ភេទស្រី ក្នុងភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន១៥ នាក់ (ស្រី) និងដកហូតវត្ថុតាងរួមមាន៖ បៀរ ចំនួន០២ ហ៊ូ , គ្រាប់ខ្លាឃ្លោកចំនួន ៤៥ គ្រាប់, គម្របចំនួន ០៣, ចានថ្មចំនួន០៦, កម្រាលចំនួន ០១, ហាន់តោចំនួន ០១សន្លឹក, ប្រាក់រៀលចំនួន ៤៧៥០០ រៀល ។
ប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងថា ករណីខាងលើនេះ សមត្ថកិច្ចនាំយកមនុស្ស និងវត្ថុតាង បញ្ចូនមកអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដើម្បីសាកសួរបានសុំគោលការណ៍ថ្នាក់ដឹកនាំធ្វើកិច្ចសន្យា អប់រំណែនាំបញ្ឈប់ការលេងល្បែងស៊ីសង ហើយឲ្យគាត់វិលត្រឡប់ទៅផ្ទះវិញ ។
ខណៈនោះដែរ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានឃុំ-សង្កាត់ សូមចូលរួមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសជៀសឲ្យឆ្ងាយពីការលេងល្បែងស៊ីសង ដែលបណ្តាលឲ្យបាត់បង់ថវិកាទ្រព្យសម្បត្តិ កិត្តិយស ពេលវេលា អាចបង្កឲ្យមាន អំពើហិង្សាក្នុងគ្រួសារ និងឈានទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗផងដែរ៕

កែសម្រួល៖ បងម៉េង ខ្មែរណូត