ករណីជំងឺរាតត្បាតកូវីដ១៩ នៅសាំងហ្គាពួរពេលនេះកើនដល់ ៣៩,៣៨៧ ករណី
ក្រសួងសុខាភិបាលសាំងហ្គាពួរបានរាយការណ៍ថា សាំងហ្គាពួររកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤២២ ករណី គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ ដោយក្នុងនោះមាន ៥ករណី ជាករណីនៅក្នុងសហគមន៍។ តួលេខនេះនាំឱ្យចំនួនករណីសរុបនៃ COVID-19 នៅសាំងហ្គាពួរមានដល់ ៣៩,៣៨៧ករណី ខណៈការស្លាប់មាន ២៥នាក់ដដែល។ ក្នុងចំណោមករណីសហគមន៍ មានមួយជាជនជាតិសាំងហ្គាពួរ ហើយអ្នកផ្សេងទៀតជាអ្នកប័ណ្ណកាន់ការងារ ដែលរស់នៅក្រៅអន្តេវាសិកដ្ឋាន។

ក្រសួងសុខាភិបាលបានបន្ថែមថា ព័ត៌មាននិងសេចក្តីលម្អិតនៃករណី COVID-19 នឹងត្រូវបានផ្សព្វផ្សាយនៅពេលក្រោយទៀត។ កាលពីម្សិលមិញក្រុមហ៊ុនសាំងហ្គាពួរមួយឈ្មោះថា Tychan បានប្រកាសថា ខ្លួននឹងចាប់ផ្តើមការសាកល្បងព្យាបាលជំងឺ COVID-19 នៅលើមនុស្សនៅសប្តាហ៍ក្រោយ ដើម្បីពន្លឿនឱ្យឆាប់ទទួលបានវ៉ាក់សាំង។ ចំណែកថ្នាំអេបូឡា remdesivir ក៏កំពុងត្រូវបានអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល ប្រើចំពោះអ្នកជំងឺ COVID-19 ដែលមានសភាពធ្ងន់ធ្ងរផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia