ស្រាថ្នាំចិនសែ (តាំងកួយ ច្រកដបទឹកសុទ្ធ) ពុលស្លាប់អ្នកផឹក មន្ត្រីជំនាញស្រាវជ្រាវឃើញថា ដោយសារអាល់កុលឡើងថ្លៃ ម្ចាស់សិប្បកម្មទៅទិញកន្លែងផ្សេង ចំអាល់កុលក្លែងក្លាយ ធ្វើពី “មេតាណុល”
ពលរដ្ឋបីនាក់នៅខេត្តបន្ទាយមានជ័យបានស្លាប់ និង១១នាក់ទៀតចូលពេទ្យ ដោយសារពុលស្រាថ្នាំចិនសែ (តាំងកួយ ច្រកដបទឹកសុទ្ធ) នៅបីកន្លែងដោយឡែកពីគ្នា បច្ចុប្បន្នមន្ត្រីជំនាញបានចុះទៅដល់ទីតាំងចែកចាយ និង ផលិត ស្រាចិនសែ យីហោ តាំងគួយ ស្ថិតនៅ ភូមិ បាក់ខែងលើ សង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ តែម្ចាស់សិប្បកម្មបានបិទទ្វារ និងយកវត្ថុតាងមួយចំនួនបោះចោលនៅដីឡូតិ៍មួយកន្លែង។

យោងតាមការចុះផ្សាយរបស់វេបសាយ BTV News បានឲ្យដឹងថា តាមមន្រ្តីជំនាញ ស្រាវជ្រាវឃើញថា ម្ចាស់សិប្បកម្មបានទិញអាលកុលពីក្រុមហ៊ុនដែលមានស្តង់ដារមួយ តែដោយសារអាល់កុលថ្លៃក៏ទៅទិញអាល់កុលកន្លែងផ្សេងចំអាល់កុលក្លែងក្លាយ ធ្វើពីមេតាណុល។ អាល់កុលក្លែងក្លាយធ្វើពីមេតាណុលយកមកផលិតស្រាជាហេតុធ្វើពុលអ្នកផឹក។ ព័ត៌មានបន្ថែមនឹងផ្សាយជូនពេលក្រោយទៀត៕

គួរបញ្ជាក់ថានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានធ្វើការយ៉ាងសកម្មក្នុងការចុះត្រួតពិនិត្យ និងស្រាវជ្រាវស្វែងរកស្រាថ្នាំយីហោ «តាំង កួយ» តាមបណ្តាតូបលក់ទំនិញ ផ្ទះលក់ស្រាថ្នាំ ថ្នាំបុរាណ ទូទាំងប្រទេសគោលបំណងនៃការស្រាវជ្រាវ គឺដើម្បីប្រមូលត្រលប់មកវិញនូវស្រាថ្នាំយីហោ «តាំង កួយ» ដែលមានការសង្ស័យអាចមានហានិភ័យដល់សុខភាព គ្រោះថ្នាក់ដល់អាយុជីវិតដល់អ្នកប្រើប្រាស់។ មន្ត្រីនៃអគ្គនាយក ក.ប.ប សូមអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ជាពិសេសដល់អ្នកទទួលទាន សូមកុំប្រើប្រាស់ ឬទទួលទានស្រា ឬផលិតផលណាដែលពុំមានស្លាកសញ្ញាច្បាស់លាស់៕


