ស្ពានបេឡេឬស្សីកែវឆ្លងកាត់ទន្លេសាបដាក់ឲ្យប្រើប្រាស់ហើយនៅថ្ងៃនេះ
- May 8, 2018
រាជធានីភ្នំពេញ៖ បន្ទាប់ពីបើកដំណើរសាងសង់អស់រយៈពេលជាង៦ខែមក ស្ពានបេឡេឬស្សីកែវឆ្លងកាត់ទន្លេសាបពីចំណុចឃ្លាំងស្តុកប្រេងសូគីម៉ិច ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ ឆ្ពោះមកកាន់តំបន់អភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
នឹងដាក់សម្ពោធដាក់ឲ្យប្រើប្រាស់នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មន្ត្រីជំនាញបានឲ្យដឹងផងដែរថា ស្ពានបេឡាឬស្សីកែវនេះនឹងមិនអនុញ្ញាតឲ្យអ្នកថ្មើរជើង, រថយន្តក្រុង និងយានយន្តមានកំពស់លើស ២.៨ម៉ែត្រ និងទំនង់លើស៥តោន ធ្វើដំណើរឆ្លងកាត់ស្ពានឡើយ។
សូមស្វែងយល់អំពីគម្រោងសាងសង់ស្ពានដែកបេឡេឫស្សីកែវៈ
+ ចាប់ផ្តើមសាងសង់នៅថ្ងៃទី ២៤ខែតុលាឆ្នាំ ២០១៧ និងបញ្ចប់នៅថ្ងៃទី៥ខែឧសភាឆ្នាំ២០១៨ គឺមានរយៈពេលសាងសង់ ៦ខែ ១១ថ្ងៃ
+ សាងសង់ដោយក្រុមហ៊ុន OCIC
+ ស្ពានមានប្រវែងសរុប ៦៥៥ម ក្នុងនោះ តួស្ពានប្រវែង ៥០៥ម គល់ស្ពានសងខាងប្រវែង ១៥០ម ទទឹងស្ពាន ១២ម
+ ស្ពានបេឡាឆ្លងកាត់ទន្លេសាប ស្ថិតនៅស្របចម្ងាយពីគម្រោងស្ពានបេតុង ២២ម
+ សរសរស្ពានចំនួន ១៣ ប្រឡោះសរសរចំនួន ១២
+ ប្រឡោះចំនួន ២ នៅកណ្តាលទន្លេពីសរសរមួយទៅសរសរមួយសម្រាប់នាវាចរប្រវែង ៤១ម និងប្រឡោះចំនួន ១០ទៀត ប្រវែង ២៨ម ទៅ៣២ម
+ កំពស់ស្ពានសុវត្ថិភាព ២០.៥ម ធៀបនឹងទឹកទន្លេស្រកទាបបំផុត និងកំពស់ស្ពានសុវត្ថិភាព ១០.៥ម ធៀបនឹងទឹកទន្លេឡើងខ្ពស់បំផុត ។ កំពស់គឺប្រហាក់ប្រហែលស្ពានជ្រោយចង្វារ ។
+ ជាស្ពានចរាចរទ្វេរទិស សម្រាប់រថយន្ត ១គន្លងទៅ ១គន្លងមក និងម៉ូតូ ១គន្លងទៅ ១គន្លងមក
+ ជម្រាលស្ពាន ៤.៥% ឯលើកណ្តាលទន្លេជម្រាល ០%
+ ល្បឿនកំណត់ ២៥គមក្នុង១ម៉ោង
+ កំពស់យានយន្តអនុញ្ញាត្ត មិនលើស ២.៨ម និងហាមរថយន្តក្រុងឆ្លងកាត់
+ ទម្ងន់យានយន្តអនុញ្ញាត មិនលើស ៥តោន
+ មិនអនុញ្ញាត្តអ្នកថ្មើរជើងដើរឆ្លងកាត់ស្ពាន
+ តម្លើងបង្គោលភ្លើងលើស្ពានចំនួន ៣៤បង្គោល និងផ្លូវសងខាងចំនួន ១៦បង្គោល សរុបបង្គោលភ្លើងចំនួន ៥០បង្គោល។ កំពស់បង្គោលភ្លើង ១០ម ជាប្រភេទ LED។
+ តម្លើងភ្លើងហ្វានៅខាងក្រោមស្ពាន និងបារ៉ាសការពារសុវត្ថិភាព សម្រាប់នាវាចរឆ្លងកាត់
+ កំពស់បង្កាន់ដៃស្ពាន ១.៧ម ពាសដោយសំណាញ់ដែក
+ ប្រវែងពីផ្លូវជាតិលេខ៥ ដល់ផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពាន មានប្រវែងសរុប ៩៧៥ម
+ មានរង្វង់មូលនាងទេពមច្ឆា នៅតំបន់ជ្រោយចង្វារ
+ តម្លើងភ្លើងស្តុបសរុបចំនួន ២កន្លែង គឺនៅប្រសព្វផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ ៦។
+ បំពាក់ស្លាកសញ្ញាចរាចរ គូសគំនូសចរាចរ និងតម្លើងប៉ារ៉ាសដែកកំពស់ ២.៨ម សងខាងស្ពាន។

អត្ថបទ៖ សេម
- Share This Post:






