ក្រោយមានមនុស្សពុល និងស្លាប់ជាច្រើននាក់មក រដ្ឋបាលខេត្តបន្ទាយមានជ័យបានស្នើឲ្យផ្អាកលក់ ស្រាថ្នាំចិនសែ តាំងគួយ
បន្ទាប់ពីមានករណីពុលស្លាប់ ៤ និងដេកពេទ្យ ១១ នាក់ ក្រោយផឹកស្រាថ្នាំចិនសែ តាំងគួយ កាលពីពេលកន្លងទៅរួចមក នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញសេចក្ដីប្រកាសហាមឃាត់មិនឲ្យមានលក់ស្រាចិនសែប្រភេទនេះនៅគ្រប់បណ្ដាទីផ្សារទាំងអស់ និងតាមលំនៅឋានមានដាក់តាំងលក់ក្នុងខេត្តនេះតទៅទៀត។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា បច្ចុប្បន្នមន្ទីរជំនាញបានយកវត្ថុតាងទៅធ្វើតេស្តរកសារធាតុផ្សំ និងផ្សព្វផ្សាយព័ត៌មានក្នុងពេលខាងមុខនេះ ហើយអាជ្ញាធរក៏អំពាវនាវដល់បងប្អូនអាជីវករ ចូលរួមសហការ បញ្ឈប់ការលក់ស្រាយីហោប្រភេទនេះបណ្ដោះអាសន្ន និងសូមឲ្យអ្នកធ្លាប់ទទួលទាត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ដោយរង់ចាំមន្ត្រីជំនាញ ក្រសួង និងស្ថាប័នធ្វើការពិសោធន៍ឲ្យបានត្រឹមត្រូវសិន មុននឹងលក់ ឬទិញយកទៅពិសា៕
