រថយន្តដឹកដីមួយគ្រឿង ត្រូវរថភ្លើងបុកក្រឡាប់ផ្ងាជើង នៅខណ្ឌកំបូល
រាជធានីភ្នំពេញ ៖ រថយន្តដឹកដីមួយគ្រឿងបានក្រឡាប់ផ្ងាជើងចាក់ដីចោល ខណៈបើកបរចេញពីរណ្តៅដីត្រូវរថភ្លើងបើកបុក កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវលំកែងផ្លូវរថភ្លើង ស្ថិតក្នុងភូមិតាពង់ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថភ្លើងមួយខ្សែ ដែលបើកបរពីខេត្តចូលមកកាន់ទីក្រុងភ្នំពេញ ខណៈឆ្លងកាត់ផ្លូវលំមួយខ្សែខាងលើ ស្រាប់តែជ្រុលទៅបុករថយន្តដឹកដីមួយគ្រឿង ប្រភេទម៉ាកហីយាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-6712 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឱ្យឡាប់ផ្ងាជើងខ្លួនឯង តែមិនបណ្ដាលឲ្យអ្នកបើកបររងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តយ៉ាងដំណំប៉ុណ្ណោះ ចំណែករថភ្លើងក៏បន្តដំណើរទៅបាត់ទៅ ។
បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងធ្វើការស្ទួចរថយន្តទៅរក្សាទុក រងចាំដោះស្រាយជាមួយអាជ្ញាធររថភ្លើងនៅពេលក្រោយទៀត ៕

ដោយ៖ បងម៉េង ខ្មែរណូត