សាំងហ្គាពួរម្សិលមិញរកឃើញករណីកូវីដ១៩ ថ្មីចំនួន ៤០៧នាក់ ដែលនាំឱ្យចំនួនឆ្លងសរុបមានដល់ ៤០,៦០៤នាក់
សាំងហ្គាពួរបានរាយការណ៍ថា ខ្លួនបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤០៧ករណី គិតត្រឹមរសៀលថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០ ដែលធ្វើឱ្យចំនួនសរុបនៃការឆ្លងនៅក្នុងប្រទេសមានដល់ ៤០,៦០៤នាក់។ ក្នុងចំណោមករណីថ្មីៗមាន ៩នាក់ ជាករណីនៅក្នុងសហគមន៍ ដោយមាន ៤នាក់ ជាជនជាតិសាំងហ្គាពួរ និង ៥នាក់ ជាអ្នកកាន់ប័ណ្ណការងារធ្វើស្នាក់នៅក្រៅបណ្ដុំផ្ទះជួល។ ចំណែកករណីដែលនៅសេសសល់ គឺសុទ្ធតែជាអ្នកស្នាក់នៅអន្តេវាសិកដ្ឋានរបស់ពលករបរទេស។

សាំងហ្គាពួរក៏បានរកឃើញករណីនាំចូលថ្មីម្នាក់ផងដែរ ដែលអ្នកជំងឺគឺជាជនជាតិបង់ក្លាដែស ហើយបានមកដល់សាំងហ្គាពួរកាលពីថ្ងៃទី១០ ដើម្បីស្វែងរកការព្យាបាលជំងឺផ្សេង ប៉ុន្តែត្រូវបានរកឃើញថាមានជំងឺ COVID-19 ដោយរដ្ឋាភិបាលសាំងហ្គាពួរ។ ប៉ុន្តែយ៉ាងណាក៏ដោយគិតមកទល់ពេលនេះសាំងហ្គាពួរមានអ្នកជាសះស្បើយពីជំងឺរហូតដល់ទៅ ២៩,៥៨៩នាក់ ខណៈអ្នកស្លាប់បានកើនដល់ ២៦នាក់។ សាំងហ្គាពួរនៅសល់តែអ្នកជំងឺ ២៣៨នាក់ ប៉ុណ្ណោះដែលកំពុងស្នាក់នៅមន្ទីរពេទ្យ និងមាន ១០,៧៥១ កំពុងសម្រាកព្យាបាលនៅតាមកន្លែងដាក់ដោយឡែក និងមន្ទីរថែទាំរបស់សហគមន៍៕




អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia