បើករថយន្តព្រូសបោះពួយលឿនពេក បុកខឿនរង្វង់មូល ហើយរេចង្កូតបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋថែមទៀត
រាជធានីភ្នំពេញ ៖ បុរស៤នាក់បើករថយន្ត PRIUS ពាក់ស្លាកលេខភ្នំពេញ 2BF-1315 បោះពួយលឿនពេក ទៅបុកខឿនរង្វង់មូលផ្សារដើមថ្កូវ ហើយរេចង្កូតទៅបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋថែមទៀត បណ្ដាលឲ្យបាក់ទ្វារដែករលំសង្កត់ម៉ូតូ៣គ្រឿង និងកង់២គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ នៅចំណុចក្បែររង្វង់មូលផ្សារដើមថ្កូវ លើផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាម៉ោងជាង៤ទាបភ្លឺ ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកើតហេតុគេក្រឡែកឃើញរថយន្តបង្កម៉ាកតូយ៉ូតាព្រូស (TOYOYA PRIUS) ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2BF-1315 បានបុករង្វង់មូលផ្សារដើមថ្កូវយ៉ាងពេញទំហឹង រួចបន្តទៅបុកទ្វាផ្ទះប្រជាពលរដ្ឋធ្លុះដល់ខាងក្នុងបណ្ដាលឲ្យរងការខូចខាតសម្ភារៈមួយចំនួនធំ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឲ្យអ្នកបើកបរ និងអ្នករួមដំណេីរទាំងអស់៤នាក់រងរបួសស្រាល តែភ្លាមៗក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅឃាត់អ្នកទាំង៤នាក់ យកមកស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវផងដែរ ។ ភ្លាមៗម្ចាស់ផ្ទះបានតាមមកដល់ប៉ុស្តិ៍ ដោយបានចរចារគ្នាជាមួយភាគីអ្នកបើកបររថយន្តបង្ក តែដោយសារតែការខូចខាតច្រេីនពេក មិនអាចកំណត់តម្លៃបានទេ ហើយភាគីខាងរថយន្តបង្កក៏សុខចិត្តទទួលខុសត្រូវ ចេញសំណងលើការខូចខាត និងជួសជុលអោយឡើងវិញទាំងស្រុង ដើម្បីបញ្ចប់រឿងផងដែរ ។
ក្រោយមកដោយមានការសម្របសម្រួលពីសមត្ថកិច្ច ទើបម្ចាស់រថយន្តបង្កបានព្រមចេញថ្លៃខូចខាតទាំងស្រុងទៅលើម្ចាស់ផ្ទះដើម្បីបញ្ចប់រឿង ។ ដោយឡែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ ព្រោះរថយន្តនេះបានបង្កឲ្យខូចខាតរង្វង់មូលផ្សាដើមថ្កូវដែលជាសម្បត្តិរដ្ឋ ៕

ដោយ៖ បងម៉េង ខ្មែរណូត