ជម្លោះអ្នកបើកទូកទេសចរណ៍ ទាញពូថៅកាប់បង្កាន់ដៃទូក ហើយយកសាំងជះបំរុងដុតកម្ទេចចោលទៀត ភ្ញៀវជិះលើទូកព្រលឹងចុងសក់
រាជធានីភ្នំពេញ៖ ទំនាស់ពាក្យសម្ដីក្លាយជាអំពើហិង្សា ត្រូវបុរសម្នាក់និងប្រពន្ធដែលជាភាគីម្ចាស់ទូក មានឈ្មោះ(មេគង្គស្តារ) ចូលចតក្បែរហើយទាញពូថៅកាប់ទៅលើបង្កាន់ដៃទូក និងយកសាំងមកជះបំរុងដុតកម្ទេចចោល បង្កការភ្ញាក់ផ្អើលទាំងភ្ញៀវទេសចរណ៍នៅលើទូក កាលពីវេលាម៉ោង០៦:៤០នាទីល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រាំងទន្លេសាប ទល់មុខភោជនីយដ្ឋាន(FCC) ផ្លូវស៊ីសុវត្តិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមសម្ដីស្ត្រីម្នាក់ដែលជាម្ចាស់ទូករងគ្រោះមានឈ្មោះ ទូច ឈាងម៉េង អាយុ៤០ឆ្នាំ មុខរបររត់ទូកទេសចរណ៍ និងមានស្រុកកំណើតនៅភូមិព្រែកកំបៅ៣ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុពួកគាត់បានចូលចតនៅចំណុចកើតហេតុខាងលើ ស្រាប់តែឃើញទូកឈ្មោះ(មេគង្គស្តារ)ចូលចតក្បែរ ហើយបានជេប្រមាថ ដោយបុរសម្នាក់ឈ្មោះ រ៉ា ជាម្ចាស់ទូកបង្ក បានទាញពូថៅ មកកាប់កម្ទេចបង្កាន់ដៃទូករងគ្រោះឈ្មោះ(ឈឿន ម៉េងហៀកទេសចរណ៍)បណ្ដាលឲ្យខូចខាតយ៉ាងដំណំ ចំណែកស្ត្រីម្នាក់ឈ្មោះ ភួន ចាន់ល័ក្ខ ត្រូវជាប្រពន្ធ ខាងភាគីបង្ក ក៍បានទាញដែកចង្អើអាំងសាច់គប់ទៅលើម្ចាស់ទូកឈ្មោះ(ឈឿន ម៉េងហៀកទេសចរណ៍)តែត្រូវគេចផុត បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍នៅលើទូកជាខ្លាំង ។
ប្រភពបន្តថា លុះដល់ម៉ោងប្រមាណជាង៩យប់ ភាគីបង្កបានដាក់ភ្ញៀវចុះអស់ក៏បានបើកទូកមកបុកទូករងគ្រោះទាំងកំរោលបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយភ្លាមៗក៏បើកទូកចេញទៅបាត់តែម្ដង ។ ក្រោយមក ភាគីរងគ្រោះក៏បានទៅប្ដឹងដល់សមត្ថកិច្ចប៉ុស្ដិ៍នគរបាល ជ័យជំនះ ឲ្យជួយអន្តរាគមន៍រកយុត្តិធម៌។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ ដែលជាអធិការខណ្ឌ បានសហការជាកម្លាំងអន្តរាគមន៍ជើងទឹក ចុះទៅស្រាវជ្រាវចាប់ខ្លួនបុរសម្នាក់ជាជនបង្ក តែរកមិនឃើញ ក៏បាននាំខ្លួនស្ត្រីម្នាក់ជាប្រពន្ធជនបង្កទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី៕

ដោយ៖ បងម៉េង ខ្មែរណូត