កូនប្រុសទើបចេញពីមណ្ឌលកែប្រែពេលល្ងាចសោះ លុះព្រឹកឡើងគេមកប្រាប់ឪពុកថា កូនស្លាប់បាត់ហើយ
រាជធានីភ្នំពេញ៖ អនីតិជនអាយុ១៥ឆ្នាំម្នាក់ទើបតែចេញពីមណ្ឌលកែប្រែមិនទាន់បានមួយថ្ងៃផង បានឡើងលើផ្ទះប្រជាពលរដ្ឋ ហើយត្រូវពលរដ្ឋស្រែកថាចោរ ភ័យពេកក៏របូតដៃធ្លាក់បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលសមត្ថកិច្ចធ្វើតេស្តទឹកនោម មានសារធាតុញៀន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០ តាមផ្លូវបេតុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្មេងប្រុសដែលស្លាប់នេះមានឈ្មោះ ឆន ណាវីន អាយុ ១៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឬស្សីទី ៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីឪពុកក្មេងប្រុសដែលស្លាប់ខាងលើបានឲ្យដឹងថា កូនប្រុសរបស់គាត់ទើបតែចេញពីមណ្ឌលកែប្រែឱកាសខ្ញុំ កាលពីវេលាម៉ោង៧ ល្ងាច ថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២០ ពេលមកដល់ផ្ទះភ្លាម ឪពុកម្ដាយក៏បានរៀបចំបាយទឹក និងកន្លែងឲ្យកូនដេក ស្រាប់តែបាត់កូនរកមិនឃើញសោះ មិនដឹងទៅណា រហូតដល់ម៉ោងកើតហេតុទើបមានគេប្រាប់ថា កូនប្រុសរបស់គាត់បានធ្លាក់ពីលើដំបូលផ្ទះស្លាប់ ផ្កាប់មុខបាត់ទៅហើយ ។
លុះដល់ព្រឹកថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២០ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច្ច័យខណ្ឌមានជ័យ និងជំនាញសមត្ថកិច្ចកោសលវិច័្ចយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យសាកសព បានឲ្យដឹងថា សពស្លាប់ដោយសារធ្លាក់ពីលើដំបូលផ្ទះ ពីជាន់ទី២ ហើយសមត្ថកិច្ចធ្វើតេស្ត ទឹកនោម មានសារធាតុគ្រឿងញៀន ផងដែរ និងបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញតិធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ បងម៉េង ខ្មែរណូត