រថយន្ត

ក្រុមហ៊ុនរថយន្តធំៗចំនួន ៤ នៅវៀតណាម បានប្រកាសប្រមូលរថយន្តមកវិញចំនួន ៣៥,០០០ គ្រឿង ដោយសារបញ្ហាខ្វះចន្លោះមួយចំនួន

BY
autoadmin
June 22, 2020

ក្រុមហ៊ុនធំៗ​ចំនួន៤រួមមាន៖ Ford, Honda, Mitsubishi និង VinFast កំពុងប្រមូលយានយន្តសរុបចំនួន ៣៥,០២៥ គ្រឿងត្រឡប់មកវិញ ដើម្បីជួសជុលកំហុសទៅលើស្នប់​បូមប្រេង ពោងសុវត្តិភាព ប្រអប់លេខ និងគន្លឹះខ្សែក្រវ៉ាត់កៅអី។ ​ក្រុមហ៊ុនផលិតរថយន្តទាំង៤នេះ បានជូនដំណឹងដល់អតិថិជនរបស់ខ្លួនអំពីបញ្ហាខ្វះចន្លោះនេះ ហើយបានស្នើសុំឲ្យយករថយន្តទាំងនោះត្រឡប់ទៅតំណាងចែកចាយ ដែលមានការទទួលជួសជុល និងការផ្លាស់ប្ដូរឡើងវិញ។

ជាក់ស្ដែងក្រុមហ៊ុន Honda វៀតណាមកំពុងប្រមូលមកវិញនូវចំនួនយានយន្តច្រើនបំផុតគឺ ដោយប្រមូលចំនួន ១៩,២១៩ គ្រឿង នៃរថយន្តចំនួន៤ម៉ូដែលដូចជា Jazz, Civic, HR-V និង Accord ដើម្បីកែបញ្ហា ស្នប់​បូមប្រេង ដែលអាចបណ្តាលឱ្យរថយន្តជាប់គាំងពេលកំពុងដំណើរការ ហើយរាល់យានយន្តដែលផលិតនៅវៀតណាមចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០១៩ ត្រូវប្រកាសប្រមូលមកពិនិត្យវិញទាំងអស់។

ដោយឡែកក្រុមហ៊ុន VinFast បានប្រកាសយកមកវិញនូវរថយន្ត Chevrolet ចំនួន ១២,៤៥៦ គ្រឿ រួមមានម៉ូដែល Cruze, Orlando និង Trax ដែលបានចេញលក់នៅឆ្នាំ ២០១៤-២០១៨ ដើម្បីជួសជុលពោងសុវត្ថិភាព។ ខណៈក្រុមហ៊ុន Ford នៅប្រទេសវៀតណាមកំពុងធ្វើការប្រមូលរថយន្តប្រភេទ SUV ចំនួន ៣,៣៣៧ គ្រឿង ដែលត្រូវបានចេញលក់នៅចន្លោះខែធ្នូ ឆ្នាំ២០១៧ ដល់ខែតុលាឆ្នាំ២០១៩ ដើម្បីធ្វើការកែតម្រូវគ្រឿងបន្លាស់នៅក្នុង ម៉ូឌុលបញ្ជារម៉ាស៊ីន (PCM) និងប្រអប់លេខបញ្ជារ (TCU) ដើម្បីការពារបញ្ហាដែលអាចកើតមាន។​

ជាមួយគ្នានេះក្រុមហ៊ុន Mitsubishi Motors នៅប្រទេសវៀតណាមកំពុងប្រមូលយានយន្តចំនួន ១៣ គ្រឿងប៉ុណ្ណោះ ដែលត្រូវបានលក់កាលពីឆ្នាំ២០០៩-២០១១ សម្រាប់ការដោះស្រាយបញ្ហាដំបូល និងខ្សែក្រវ៉ាត់សុវតិ្តភាព។ ការិយាល័យចុះបញ្ជីនៅប្រទេសវៀតណាមបាននិយាយថា ការប្រមូលរថយន្តមកវិញជាច្រើនគ្រឿងនេះ បានកើតឡើងជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែវាបានបង្ហាញថា វាជាសញ្ញាមួយដែលក្រុមហ៊ុនផលិតរថយន្តកំពុងយកចិត្តទុកដាក់ដល់អតិថិជនរបស់ពួកគេ៕

អត្ថបទ៖ លីនី
ប្រភព​៖ VNexpress

Share This Post: