ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បដិសេធ និងបកស្រាយ ក្រោយមានផេកហ្វេសប៊ុកមួយចំនួន យកករណីអគ្គិភ័យកើតឡើងតាំងពីឆ្នាំ២០១៩ មក Live ឡើងវិញលើហ្វេសប៊ុកបំពុលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ
រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការយល់ច្រលំថាមានគ្រោះអគ្គិភ័យឆាបឆេះទ្រុងទ្រាយធំ នៅម្ដុំផ្លូវមាត់ប្រឡាយ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២នេះ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអោយបានជ្រាបថា សូមកុំឲ្យមានការយល់ច្រលំ ទាំងនេះជាការផ្សាយព័ត៌មានបំពុលទេ ជាក់ស្តែងនៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ គឺពុំមានករណីអគ្គីភ័យនេះកើតឡើងទេ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ សូមបងប្អូនកុំ Share ចែករំលែកវិដេអូដែលផេកហ្វេសប៊ុកមួយចំនួនយកមកផ្សាយ Live ឡើងវិញ នាំឲ្យបងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភ សូមអគុណ ។

ជាមួយគ្នានេះដែរ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌក៏សូមអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលផ្សព្វផ្សាយព័ត៌មាន និងអ្នករកស៊ីតាមប្រព័ន្ធអនឡាញ កុំគ្រាន់តែចង់បាន LIKE និង Share ច្រើន យកអ្វីដែលមិនមែនជាការពិតយកមកផ្សាយនាំអោយព័ត៌មានមិនពិតកើតឡើង ធ្វើឲ្យមានបងប្អូនពលរដ្ឋខ្មែរយើងជាពិសេសអ្នកនិយមប្រើប្រាស់ហ្វេសប៊ុកមួយចំនួន មានការព្រួយបារម្ភ ភិតភ័យ ជ្រួលច្របល់ ដោយសារតែការបំប៉ោងព័ត៌មានរបស់អស់លោកអ្នក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះ ។
ព័ត៌មានលើបណ្ដាញសង្គមបច្ចុប្បន្ន ពិតជាមានសារសំខាន់ណាស់ ដូច្នេះសូមមេត្តាយកអ្វីដែលថ្មី ហើយពិតប្រាកដយកមកផ្សាយចែករំលែក ដោយមានអំណះអំណាងច្បាស់លាស់ផង ហើយករណីអគ្គិភ័យនេះបានកើតឡើងតាំងឆ្នាំមុនមកម៉្លេះ អំឡុងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងមកម៉្លេះ ។ ចំណែកឯក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០បានធ្វើការប្រកាសបដិសេធ ក្រោយមានហ្វេសប៊ុកមួយចំនួនបានយកវីដេអូករណីអគ្គិភ័យដែលបានកើតឡើងតាំងពីខែសីហា ឆ្នាំ២០១៩ មកlive លើហ្វេសប៊ុក ធ្វើឱ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលនិងយល់ច្រឡំ។
សូមបញ្ជាក់ថា អាគារសិប្បកម្មផលិតពូកខាងលើត្រូវបានឆាបឆេះឡើង កាលពីវេលាម៉ោង០១:៣០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ស្ថិតក្នុងភូមិចំរើនផល១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។ កាលនោះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ អគ្គិភ័យដែលបានឆាបឆេះនេះ បើគិតជាទឹកប្រាក់ បាត់បង់ជាង៣លានដុល្លារ មូលហេតុបង្កឡើងករណីឆ្លងចរន្តអគ្គីសនី ហើយសមត្ថកិច្ចជំនាញសង្គ្រោះអគ្គិភ័យ មិនអាចគ្រប់គ្រងស្ថានការណ៍បានឡើយ ព្រោះសំណង់នេះខ្ពស់ ហើយការឆាបឆេះរាលដាលសន្ធោសន្ធៅ ខណៈខាងក្នុងអាគារស្តុកទៅដោត ជ័រ ពូក អ៉ីប៉ុង និងស៊ីទែនស្តុកកាវ(កាវក្បាលឆ្កែ) និងរបស់ងាយនិងឆេះស្ទើរពេញអាគារ ។
ក្នុងហេតុការណ៍អគ្គិភ័យនោះ អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌមានជ័យ បានសូមថ្លែងអំណរគុណដល់កម្លាំងសរុប កម្លាំងអគ្គស្នងការនគរបាលជាតិ កម្លាំងស្នងការនគរបាលរាជធានី កម្លាំងរាជអាវុធហត្ថរាជធានី កម្លាំងអាជ្ញាធរមូលដ្ឋាន កម្លាំងពន្លត់អគ្គិភ័យចម្រុះរួមទាំងកម្លាំងក្រុមហ៊ុនOCIC ក្រុមហ៊ុនបុរីប៉េងហួត កងពលតូច ង៧០ និងកម្លាំងពន្លត់អគ្គិភ័យ នាយកដ្ឋានបង្ការនិងពន្លត់អគ្គិភ័យ និងការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ មានរថយន្តពន្លត់អគ្គិភ័យអគ្គស្នងការនគរបាលជាតិ, រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រថយន្តពន្លត់អគ្គិភ័យការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ រថយន្តពន្លត់អគ្គិភ័យទីក្រុងជ្រោយចង្វារ, រថយន្តពន្លត់អគ្គិភ័យទីក្រុងកោះពេជ្រ (ក្រុមហ៊ុនOCIC), រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថ រាជធានីភ្នំពេញ, រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា និងរថយន្តពន្លត់អគ្គិភ័យនៅតាមបណ្ដាខណ្ឌនានា ដែលបានចូលរួមទាំងកម្លាំង ទាំងស្មារតី និងសម្ភារ បាននិងបន្តខិតខំព្យាយាមប្រឹងប្រែង បាញ់ពន្លត់ ទប់ស្កាត់អគ្គិភ័យ និងគ្រប់គ្រងស្ថានការបាន ការពារមិនអោយអគ្គិភ័យឆេះរាលដាលនៅតំបន់បរិវេណជុំវិញទីតាំងសិប្បកម្មធ្វើពូកដែលបានឆាបឆេះនោះ។

អាគាររោងចក្រនិងសប្បកម្មផលិតពូកនោះ មានកម្ពស់ ៥ជាន់, ៦ជាន់ និង៧ជាន់ បន្ទាប់ពីអគ្គិភ័យឆាបឆេះអស់រយៈពេលជាច្រើនម៉ោងបណ្តាលអោយ ប្រេះ ស្រុត ស្រាំ អាចបង្កហានីភ័យរលំប៉ះពាល់អ្នកជិតខាង និងសំណង់ផ្ទះប្រជាពលរដ្ឋ ពេលនេះត្រូវបានអាជ្ញាធរ និងជំនាញសមត្ថកិច្ច សម្រេចវាយកំទេចចោលបណ្ដើរៗហើយរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅ។
កាលនោះក៏មាន ប្រតិបត្តិការវាយកម្ទេចអាគារនេះចោលផងដែរ ដោយមានឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បេសកជនពិសេស និងជាអនុប្រធានទី១ នៃអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថរាជធានី ព្រមទាំងអាជ្ញាធររាជធានី និង លោក ពេជ្រ កែវមុនី អភិបាលខណ្ឌ និងលោកអភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានចុះមកពិនិត្យមើលទីតាំងជុំវិញនេះ និងបានសម្រេចឲ្យ ខាងជំនាញវិស្វករប្រើអេស្កាវាទ័រ វាយកម្ទេចនៅអគារដែលឆេះនេះហើយ ដោយផ្តើមចេញពីមួយចំហៀងអគារសិន ហើយការធ្វើឡើងនេះ គឺត្រូវមានការប្រុងប្រយ័ត្នបំផុតផងដែរ ។
បើយោងតាមប្រភពពីមន្ត្រីជំនាញបានឱ្យដឹងទៀតថា សំណល់អគារដែលឆេះនោះ គឺត្រូវចំណាយពេលចំនួន១០ទៅ២០ថ្ងៃឯណោះ ដើម្បីវាយកម្ទេចចោល និងរៀបចំសម្អាតឱ្យបានត្រឹមត្រូវឡើងវិញ ។ ដោយប្រើអេស្ការវ៉ាទ័រ និងគ្រឿងចក្រខ្នាតធំ ធ្វើការកាយកាកសំណល់អគារ និងវាយកម្ទេចទាំងនោះ ដោយប្រើរថយន្តពន្លត់អគ្គិភ័យជំនួយការបាញ់ទឹកលើគំនរឆេះបណ្តើរៗដែរ ដើម្បីពន្លត់រងើកភ្លើងដែលវានៅសេសសល់តិចតួច និងចៀសវាងបង្កកើតមានអគ្គិភ័យជាថ្មីទៀត ។
ចំណែកឯនៅជុំវិញទីតាំងខាងលើនេះ គេឃើញមានកម្លាំងសមត្ថកិច្ចចម្រុះ មានកម្លាំងស្នងការរាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ មានកម្លាំងអធិការដ្ឋានខណ្ឌមានជ័យ និងសណ្ដាប់ធ្នាប់ខណ្ឌ សង្កាត់ បានដាក់ពង្រាយដើម្បីការពារមិនអោយប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ជុំវិញទីតាំងនេះឡើយ ជាពិសេសបង្កើនការប្រុងប្រយ័ត្នចំពោះជនឆ្លៀតឱកាសដែលមានចេតនាមិនល្អមកលើទ្រព្យសម្បត្តិផ្សេងៗ ផងដែរ។
ដោយឡែកសំភារៈដែលនៅខាងក្នុងសប្បិកម្មដ៏ធំនោះរួមទាំងអាគារស្នាក់នៅ និងអាគារស្តុកពូកពេញអាគារ ត្រូវបានភ្លើងលេបត្របាក់អគារទាំងមូល ធ្វើឲ្យប្រេះស្រាំគ្រប់កន្លែង ប្រឈមនឹងការបាក់ស្រុត ទោះបីជាក្រុមពន្លត់អគ្គីភ័យស្ទើរគ្រប់ស្ថាប័នពាក់ព័ន្ធ បានខ្នះខ្នែងប្រឹងប្រែងពន្លត់យ៉ាងណាក៏ដោយ និងប្រើប្រាស់ឡានទឹកគ្រប់ប្រភេទរាប់រយគ្រឿង ចំពោះទំហំនៃការខូតខាតបើគិតជាទឹកប្រាក់(បឋម) អាចចូលដល់ខ្ទង់លានដុល្លារ៕

អត្ថបទកែសម្រួល៖ ដោយបងម៉េង ខ្មែរណូត