ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សោកស្តាយណាស់! សត្វខ្ទីងកម្រមួយក្បាលត្រូវព្រានព្រៃសម្លាប់ ហើយពន្លះសាច់ជាដុំៗ

    BY Khmernote Media June 24, 2020
    សោកស្តាយណាស់! សត្វខ្ទីងកម្រមួយក្បាលត្រូវព្រានព្រៃសម្លាប់ ហើយពន្លះសាច់ជាដុំៗ

    មន្ត្រីក្រសួងបរិស្ថានបានប្រាប់សារព័ត៌មានក្នុងស្រុកអោយដឹងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ថា សត្វខ្ទីងដែលជាប្រភេទសត្វកម្រនៅកម្ពុជាដែលជាប់អន្ទាក់ត្រូវបានព្រានព្រៃសម្លាប់ និងពន្លះសាច់ជាដុំៗត្រូវបានមន្ត្រីឧទ្យានុរក្សនិងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រទះឃើញនៅថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២០ នេះអំឡុងពេលចុះល្បាតទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់។

    ឯកឧត្តមបានថ្កោលទោសចំពោះក្រុមជនល្មើស ដែលតែងតែងលួចប្រព្រឹត្តបទល្មើសដាក់អន្ទាក់សត្វ និងបរបាញ់សត្វកម្រ បើទោះបីជាក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធខិតខំប្រឹងប្រែងក្នុងការការពារអភិរក្ស បង្កើនការផ្សព្វផ្សាយ អប់រំ កុំឱ្យបរបាញ់សត្វព្រៃយ៉ាងណាក៏ដោយ។

    តាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន សត្វខ្ទីងដែលត្រូវបានសម្លាប់ នេះមានជើងជាប់អន្ទាក់ ហើយស្នែងរបស់វាត្រូវបានគេកាត់យកទៅបាត់ បន្សល់ទុកក្បាល និងសាច់ជាច្រើនគីឡូក្រាម។ «នេះគឺជាសត្វខ្ទីងទី២ ហើយដែលត្រូវបានដឹងថាបានស្លាប់នៅក្នុងរយៈពេល ២ ខែចុងក្រោយនេះ។ ខ្ទីងពេញវ័យមួយក្បាលអាយុប្រហែល ៥ ឆ្នាំ ត្រូវបានដឹងថាត្រូវបានព្រានបាញ់សម្លាប់ ដោយបន្សល់ទុកតែក្បាលនៅក្នុងដែនជម្រកសត្វព្រៃព្រះរកានៅក្នុងខេត្តព្រះវិហារកាលពីខែឧសភាកន្លងទៅ»។

    អន្ទាក់និងកាំភ្លើងកែច្នៃ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជា ជារៀងរាល់ដែលចាំបាច់ត្រូវទប់ស្កាត់និងបង្ក្រាបកុំឱ្យមានការយកចូលក្នុងតំបន់ការពារធម្មជាតិ។
    ឯកឧត្តមបានថ្លែងថា អន្ទាក់ជាងមួយម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើងរួមនឹងកាំភ្លើងកែច្នៃជាង ៣០០ ដើមត្រូវបានរឹបអូសនៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២០ នេះ។

    យោងតាមជីវសាស្ត្រ សត្វខ្ទីងអាចរស់នៅបានពីតំបន់ទំនាប រហូតដល់រយៈកម្ពស់ខ្ពស់រហូតដល់កម្ពស់ជាង ២០០០ ម៉ែត្រ ហើយសត្វខ្ទីងរស់នៅក្នុងតំបន់មួយចំនួនដូចជាភូមិភាគឦសាន ភូមិភាគខាងជើង ខេត្តកោះកុង ពោធិ៍សាត់ (ជួរភ្នំក្រវាញ) និងក្នុងខេត្តកំពង់ស្ពឺជាដើម។ សត្វប្រភេទនេះចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹកនិងពេលល្ងាច។

    សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វាគឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ សត្វខ្ទីងញីអាចបង្កើតកូនបាន១បន្ទាប់ពីពពោះរយៈពេល៩ខែ។
    សត្វខ្ទីងជាប្រភេទសត្វកម្រ ដែលងាយទទួលរងការគំរាមកំហែងយ៉ាងខ្លាំង ហើយចំនួនសត្វខ្ទីងត្រូវបានគេដឹងថា ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទសត្វព្រៃងាយរងគ្រោះថ្នាក់ជាសកលនៅឆ្នាំ១៩៨៦ ហើយនៅឆ្នាំ ២០១៦ សត្វខ្ទីងនៅលើពិភពលោកមានចំនួនប្រមាណ ២១០០០ ក្បាលដែលរស់នៅក្នុងប្រទេស ឥណ្ឌានិងតំបន់អាស៊ីអាគ្នេយ៍។

    ចំនួនសត្វខ្ទីងមានការថយចុះគួរឱ្យកត់សម្គាល់ដោយសារតែការបាត់បង់ទីជម្រក ជាពិសេសគឺការបរបាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងនិងការជួញដូរផ្សេងទៀត។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស ៕

    រូបភាព៖ ក្រសួងបរិស្ថាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay