ពេលរាត្រីភូមិទាំងមូលលែងងងឹតសូន្យឈឹងដូចមុនទៀតហើយ! លោកអភិបាលស្រុកវ័យក្មេង បន្តបំពាក់អំពូលសូឡាដល់មុខផ្ទះអ្នកភូមិត្រពាំងថ្ម ដែលជាភូមិខ្វះខាតខ្លាំងជាងគេនៅក្នុងស្រុកបន្ទាយស្រី
កាលពីខែធ្នូ ឆ្នាំ ២០១៩ លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានប្រកាសថាភូមិព្រះដាក់ ត្រូវបានជ្រើសរើស ជាភូមិសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១” នៅក្នុងស្រុកបន្ទាយស្រី។ ការជ្រើសយក ភូមិព្រះដាក់ នេះដោយសារតែអំណោយផលនៃទីតាំងភូមិសាស្ត្រ ប្រជាសាស្ត្រ និងដើម្បីជម្រុញអោយគម្រោងសាកល្បងមានសន្ទុះលឿន។ ការសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១” លោកអភិបាលស្រុកនឹងដាក់បំពាក់អំពូលសូឡាប្រើប្រាស់ដោយពន្លឺព្រះអាទិត្យចំនួន៥១៤ឈុត នៅតាមផ្ទះទាំង៥១៤ខ្នង នៅក្នុងភូមិព្រះដាក់ទាំងមូល ដែលជាការឧបត្ថម្ភទាំងស្រុងពីសប្បុរសជន។

ហើយនៅពេលនេះលោកបានប្រកាសថាបំពាក់អំពូលសូឡាតាមផ្ទះ ជូនអ្នកភូមិត្រពាំងថ្មត្រូវបានបញ្ចប់ទាំងស្រុង៖ ចាប់ពីពេលនេះទៅ ពេលរាត្រីនៅក្នុងភូមិទាំងមូលលែងងងឹតសូន្យឈឹងដូចកាលពីមុនទៀតហើយ។ សូមបញ្ជាក់ថា ការបំពាក់អំពូលតាមផ្ទះនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ“ផ្ទះ១ អំពូល១” តែការផ្តល់ជូនលើកនេះ គឺជាការផ្តល់ជូនដែលមានអត្ថន័យបំផុត ព្រោះភូមិដែលមានប្រជាជនចំនួន២៤៥គ្រួសារមួយនេះ គឺជាភូមិដែលមានការខ្វះខាតខ្លាំងជាងគេនៅក្នុងស្រុកបន្ទាយស្រី ហើយក៏មិនទាន់មានបណ្តាញចែកចាយអគ្គីសនីចូលមកដល់នៅឡើយ។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Seatel ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ផ្តល់អំពូលសូឡាចំនួន ២៤៥គ្រឿង ដល់យុទ្ធនាការ”ផ្ទះ១ អំពូល១” ក្នុងភូមិត្រពាំងថ្មនេះ៕












