បំបាត់ស្នាមរបួសជាំលើស្បែក ដោយគ្រាន់តែអនុវត្តន៍តាមវិធីសាស្ត្រងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ទាំងនេះ
ស្នាមជាំ គឺជាលទ្ធផលនៃការប៉ះទង្គិចយ៉ាងខ្លាំង ឬរបួសលើស្បែកដែលធ្វើឲ្យខូចខាតសសៃឈាមតូចៗក្រោមស្បែក។ ឈាមបែកចេញពីសសៃដែលទទួលរងការខូចខាត ឬបំផ្លាញ ហើយប្រមូលផ្ដុំក្រោមស្បែកបង្កជាស្នាមជាំមានពណ៌ផ្សេងៗ។ បើទោះបីជាស្នាមជាំនឹងបាត់ទៅវិញ ឬជាសះដោយឯកឯងក៏ដោយ ប៉ុន្តែអ្នកក៏អាចប្រើប្រាស់វិធីសាស្ត្រងាយមួយចំនួនខាងក្រោមដើម្បីកាត់បន្ថយការឈឺចាប់ និងហើម ហើយបំបាត់ស្នាមជាំបានលឿនជាងមុនផងដែរ ៖
១. ទឹកកក ៖ ការស្អំកញ្ចប់ទឹកកកភ្លាមៗលើស្បែកដែលជាំបន្ទាប់ពីរងរបួស គឺជាមធ្យោបាយល្អបំផុតមួយដែលអាចការពារការរីកទំហំ ក៏ដូចជាភាពដិតខ្លាំងនៃស្នាមជាំ និងកាត់បន្ថយការហើម។ ទឹកកកដើរតួនាទីបង្រួមសសៃឈាមដើម្បីកាត់បន្ថយបរិមាណនៃឈាមដែលគាំងជាប់ក្រោមស្បែក។ អ្នកអាចស្អំវាច្រើនដងពេញមួយថ្ងៃក៏បានដែរ ប៉ុន្តែទោះជាយ៉ាងណា រយៈពេលនៃការស្អំម្ដងៗគួរតែ ១០ នាទី និងរងចាំឲ្យបានរយៈពេល ២០ នាទីសិន សឹមចាប់ផ្ដើមស្អំម្ដងទៀត។
២. រុំស្នាមជាំ ៖ ដើម្បីកម្រិតលំហូរឈាម ចូររុំផ្នែកដែលរងរបួសជាំជាមួយនឹងបង់រុំរបួសដែលមានសភាពយឺត។ វិធីនេះមិនត្រឹមតែជួយកាត់បន្ថយស្នាមជាំ ឬទំហំនៃស្នាមជាំ ការហើម ក៏ដូចជាការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែការរុំស្នាមជាំជាមួយបង់យឺតរុំរបួសក៏ជួយច្របាច់ជាលិកា និងការពារសសៃឈាមពីការបែកធ្លាយផងដែរ។
៣. ពន្លឺព្រះអាទិត្យ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបញ្ចេញស្នាមជាំឲ្យត្រូវពន្លឺព្រះអាទិត្យសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទីក្នុងមួយថ្ងៃ។ កាំរស្មីអ៊ុលត្រាវីយូឡេ ឬកាំរស្មី UV ក្នុងពន្លឺព្រះអាទិត្យអាចជួយបំបែក bilirubin សារធាតុពណ៌ម្យ៉ាងក្នុងឈាមដែលបង្កឲ្យស្នាមជាំមានពណ៌លឿង។
៤. ប្រទាលកន្ទុយក្រពើ ៖ ភ្លាមៗបន្ទាប់ពីរងរបួសជាំ ចូរលាបម៉ាស្សាជាតិអន្ធិលនៃប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាកាហ្វេលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ អនុវត្តន៍វិធីព្យាបាលនេះសារឡើងវិញឲ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃជាប្រចាំ រហូតដល់ស្នាមជាំរលាយបាត់។ វិធីនេះមិនត្រឹមតែបំបាត់ស្នាមជាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការហើម និងឈឺចាប់ផងដែរ។
៥. ផ្លែម្នាស់ ៖ ផ្លែឈើនេះ គឺមិនត្រឹមតែសម្បូរទៅដោយវីតាមីន C ដែលជួយធ្វើឲ្យរបួស និងស្នាមជាំឆាប់ជាសះស្បើយប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផ្ទុកនូវសារធាតុអង់ស៊ីមម្យ៉ាងដែលមានឈ្មោះថា bromelain ផងដែរ។ Bromelain មានប្រសិទ្ធិភាពកាត់បន្ថយការហើម និងរលាក ហើយជួយបំបែកកំណកឈាមថែមទៀតផង។ ដូច្នេះហើយទើបផ្លែម្នាស់ គឺជាផ្លែឈើដែលមានប្រសិទ្ធិភាពល្អបំផុតសម្រាប់ព្យាបាលស្នាមជាំ។ អ្នកប្រហែលជាមិនអាចទទួលបានសារធាតុ bromelain គ្រប់គ្រាន់ពីការទទួលទានតែមួយមុខឡើយ ដូច្នេះអ្នកគួរធ្វើការកិនសាច់ផ្លែម្នាស់ រួមទាំងបណ្ដូលរបស់វាឲ្យទៅជាខាប់ៗ ហើយលាបវាផ្ទាល់លើស្បែកដែលជាំបន្ថែមទៀត។ ប៉ុន្តែប្រសិនបើស្បែករបួសរយះ ចូរកុំលាបឲ្យសោះ ក៏ព្រោះវាអាចបង្កការឈឺចាប់ និងផ្សា។ អ្នកក៏អាចទទួលទានថ្នាំគ្រាប់
Bromelain ផងដែរ៕
អត្ថបទ ៖ Bee
ប្រភព ៖ Healthline