ស្ត្រីមានផ្ទៃពោះ៣ខែម្នាក់ធ្លាក់ពីលើជាន់ទី៦ នៃអគារបុរីកីឡា ហើយអកុសលបានស្លាប់នៅពាក់កណ្តាលផ្លូវពេលបញ្ចូនទៅមន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ ស្ត្រីដែលមានផ្ទៃពោះ៣ខែម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីធ្លាក់ពីលើអគារកម្ពស់៦ជាន់ មកជាន់ទី៣ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចជាន់ទី៦ អគារទី៣-(C) បុរីកីឡា ផ្លូវ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ រឿត ស៊ីថា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅជាន់ទី៦ អគារទី៣ នៃអគារបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានស្រុកកំណើតនៅទីរួមខេត្តពោធិ៏សាត់ មានប្តីនិងកូនតូចស្រី២នាក់ ព្រមទាំងមានផ្ទៃពោះ៣ខែក្នុងពោះទៀតផង។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយផ្ទះដែលកើតហេតុខាងលើ មានការហូបចុកផឹកស៊ីជួបជុំគ្នា លុះមកទល់ម៉ោងកើតហេតុ ស្រាប់តែមានស្ត្រីរងគ្រោះខាងលើបានធ្លាក់ពីលើអាគារជាន់ទី៦ មកទើរនៅជាន់ទី៣ ហើយក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនិងប្ដីរួមទាំងសាច់ញាតិបានបីចុះមកក្រោម ដើម្បីរករថយន្តដឹកយកទៅសង្គ្រោះជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗនោះក៏មានរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែដោយសាររបួសធ្ងន់ពេក ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់ ពាក់កណ្ដាលផ្លូវទៅហើយ។
បើតាមសម្ដីបុរសជាប្ដីបានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ប្រពន្ធរបស់គាត់ បានចូលរួមកម្មវិធីខួបកំណើតអ្នកជិតខាង ហើយញាំស្រារាងស្រវឹងស្រឹងៗ ហើយគាត់សង្ស័យថាប្រពន្ធកើតមានចិត្តប្រច័ណ្ឌ ព្រមទាំងមានការប្រកែកគ្នាផងនោះ ទើបមួយសន្ទុះក្រោយមក ស្រាប់តែប្រពន្ធគាត់បានធ្វើសកម្មភាពលោត ពីលើអាគារជាន់ទី៦ ធ្លាក់មកជាន់ទី៣ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ក៏មានការភ្ញាក់ផ្អើលនាំគ្នាជួយបីជនរងគ្រោះចុះទៅក្រោម ផ្អើលពេញប្លុកបុរីកីឡាតែម្ដង ដោយរងចាំរថយន្តសង្គ្រោះមកដល់ រួចដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ តែជាអកុសល ប្រពន្ធរបស់គាត់បានដាច់ខ្យល់ស្លាប់ មុនពេលដល់មន្ទីរពេទ្យបាត់ទៅហើយ និងបានដឹកត្រឡប់មកវត្តមង្គលវ័ន ដើម្បីរងចាំខាងជំនាញកោសល្យវិច្ច័យមកពិនិត្យរួចរាល់ហើយក៏ បានដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តទឹកថ្លា ខណ្ឌសែនសុខវិញ ។
តែចំពោះស្ត្រីធ្លាក់ពីលើអាគារនេះ សមត្ថកិច្ចនគរបាលខណ្ឌ៧មករា មិនទាន់សន្និដ្ឋានថា ជាករណីឃាតកម្ម និងអត្តឃាតនោះទេ ព្រោះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវបន្តទៅទៀតផងដែរ ៕

ដោយ៖ បងម៉េង ខ្មែរណូត