សប្តាហ៍នេះអភិបាលខេត្តពោធិ៍សាត់ ធ្វើកម្មវិធី«សមាជ» ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បានចំនួន ៦៦ករណី ក្នុងមានរឿងជម្លោះដីធ្លី ហិង្សា ជំពាក់លុយ…
ពោធិ៍សាត់៖ កាលពីថ្ងៃទី ២៦ មិថុនា ២០២០ នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បានចំនួន ៦៦ករណី ដែលនេះគឺជាកម្មវិធី«សមាជ» ដែលអភិបាលខេត្តពោធិ៍សាត់ បានបង្កើតដើម្បីជួបដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ រៀងរាល់ ២ថ្ងៃ ក្នុងមួយសប្តាហ៍។ ជាក់ស្តែងដូចកាលពីថ្ងៃទី ២៦ មិថុនានេះឯកឧត្តមអភិបាលបានជួយដោះស្រាយឲ្យប្រជាពលរដ្ឋ បាន៦៦ ករណីក្នុងនោះមានរឿងជម្លោះដីធ្លី ហិង្សា ជំពាក់លុយ ជម្លោះព្រំដីជាដើម។

ងាកមកមើលការដោះស្រាយរបស់លោកអភិបាលខេត្តដោះស្រាយរឿង “កូនបង្កើតវាយម្តាយ ថែមទាំងប្រមាថយកពូថៅកាប់ម្តាយជា ២ កប់ចោលទៀត” លោកយាយឆ្អែតចិត្តពេក មិនព្រមអនុគ្រោះ តែលោកអភិបាល បានសុំលោកយាយអនុគ្រោះឲ្យកូន ដោយឲ្យកូន និងកូនប្រសារ ក្រាបសំពះដល់ជើងលោកយាយ ឲ្យទៅបំរើលោកយាយ ១ ខែសិន ដើម្បីមើលពីការកែប្រែ តែមានការពិនិត្យតាមដានដោយមេប៉ុស្តិ៍។ ប្រសិនបើកូនទាំងពីរ មិនព្រមកែខ្លួន នៅតែធ្វើបាបលោកយាយ នោះឯកឧត្តមអភិបាល នឹងធ្វើតាមផ្លូវច្បាប់ លែងមានការសម្របសម្រួលហើយ។
កម្មវិធី«សមាជ»នេះ ត្រូវបានទទួលបានគាំទ្រជាខ្លាំង និងលើកទឹកចិត្តឲ្យមានតាមបណ្តាខេត្តផ្សេងទៀត ដើម្បីឲ្យពលរដ្ឋមានវិបត្តិ បានទទួលនូវការដោះស្រាយដ៏ល្អមួយ និងសម្រុះសម្រួលដោយមិនចាំបាច់ប្តឹងឡើងតុលាការនាំឲ្យខាតពេលវេលាច្រើន និងថវិកា៕


