រថយន្ត PRIUS បោះពួយលឿនដូចហោះជ្រុកបុករថយន្ត KIA ខ្ទាតបុកទម្លុះទ្វារហាងលក់គ្រឿងអលង្ការជាប់ផ្សារទំនើបសូរិយា ហើយរត់បាត់!
រាជធានីភ្នំពេញ ៖ រថយន្ត PRIUS ស្លាកលេខ 2AP-2015 បោះពួយលឿនដូចហោះ ទៅបុករថយន្ត KIA ទំនើបមួយគ្រឿង ធ្លាយចូលហាងលក់គ្រឿងអលង្ការមួយកន្លែង នៅជាប់ផ្សារទំនើបសូរិយា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០:៣០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចហាងលក់គ្រឿងអលង្ការយីហោ លឹម នាឡិកា និងគ្រឿងអលង្ការ ផ្ទះលេខ៦៣ លើផ្លូវលេខ៦៣ (ជាប់ផ្សារទំនើបសូរិយា) ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពពីសន្តិសុខដែលយាមនៅហាងកើតហេតុខាងលើបានរៀបរាប់ប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ហាងបានចតរថយន្តមួយគ្រឿង ម៉ាក KIA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AI-8555 នៅលើចិញ្ចើមផ្លូវមុខហាងកើតហេតុ លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOYA PRIUS ពណ៌ស ពាក់ស្លាកលេខ 2AP-2015 បើកបោះពួយលឿនដូចហោះពីត្បូងមកជើង តាមផ្លូវលេខ៦៣ បានឡើងទៅបុកពីក្រោយរថយន្តម៉ាក KIA របស់ម្ចាស់ហាងខាងលើនោះពេញមួយទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កបានខ្ទាតទៅបុកទ្វារស័ង្កសីហាងលក់គ្រឿងអលង្ការខាងលើ បោកផ្ទប់ជាមួយកញ្ចក់ខាងក្នុង បែកខ្ទេចពេញក្នុងហាង ហើយព្យាយាមបើកថយក្រោយបន្តិច រួចបន្ថែមល្បឿន បើករត់គេចខ្លួនបាត់ស្រមោល ។
ប្រភពបន្តថា ចាត់ទុកជាសំណាងមួយដែលពួកគាត់ដេកយាមនៅជាប់ហាងខាងស្ដាំ ទើបមិនមាននរណាគ្រោះថ្នាក់ ហើយភ្លាមៗនោះ ពួកគាត់ក៏បានចេញទៅឃាត់រថយន្តបង្កដែរ តែរថយន្តបង្កមិនព្រមឈប់ទេ បានបន្ថែមល្បឿនបើកគេចចេញទៅតែម្ដង ហើយសន្តិសុខបានថតស្លាកលេខបានដែរ TOYOYA PRIUS 2AP-2015 រួចរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារថ្មីទី២ ចុះមកពិនិត្យមើលផងដែរ។
បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចស្លៀកពាក់ស៊ីវិលម្នាក់បានចុះមកដល់ ហើយរាយការណ៍ប្រាប់ថ្នាក់លើ រួចប្រាប់ម្ចាស់រថយន្តរងគ្រោះថា ចាំព្រឹកស្អែក ទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ផ្សារថ្មីទី២ ដើម្បីធ្វើការស្រាវជ្រាវរករថយន្តបង្ក មកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត