អំបិលគ្មានអ៊ីយ៉ូត រួមជាមួយងៀតបបែលមានផ្ទុកសារធាតុគីមីហាមឃាត់ សរុបចំនួន ១១.៦០ គីឡូក្រាម ត្រូវបានមន្ត្រីជំនាញរកឃើញ និងដកហូត
- BY
- srey nuch
- June 30, 2020
ខេត្តរតនគិរី៖ នៅថ្ងៃច័ន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ មន្ត្រីសាខា ក.ប.ប ខេត្តរតនគិរី ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សារបានលុង ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមានដូចជា៖ ងៀតបបែល ពពុះសណ្តែក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះមន្រ្តីសាខា ក.ប.ប ខេត្តរតនគិរី បានធ្វើតេស្តរកកំហាប់អ៊ីយ៉ូតក្នុងអំបិលផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញអំបិលគ្មានសារធាតុអ៊ីយ៉ូត រួមជាមួយងៀតបបែលមានផ្ទុកសារធាតុគីមីហាមឃាត់ សរុបចំនួន ១១.៦០ គីឡូក្រាម។
គួរបញ្ចាក់ផងដែរថា មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ រក្សាទុកដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី និងបានធ្វើការណែនាំដល់អាជីវករលក់ដូរទាំងអស់ ឱ្យយល់ដឹងនិងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវារបស់ខ្លួននឹងការជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕
ប្រភព៖ CCF
- Share This Post: