រសជាតិជីវិត ស្រីប្តីគេ នឹងបកស្រាយនៅក្នុងរឿងភាគថ្មីរបស់ភីអិនអិន «អ្នកទីបី»
កាន់តែកៀកដល់ថ្ងៃ ដែលខ្សែភាពយន្តភាគខ្មែរដ៏ថ្មីសន្លាងរបស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន នឹងលេខមុខមាត់នៅលើកញ្ចក់ទូរទស្សន៍ នៅដើមខែ កក្កដា នេះគឺរឿង «អ្នកទីបី» ។ ជាខ្សែភាពយន្តមួយ ដែលឆ្លុះបញ្ចាំងពីតថភាពពិត នៃសង្គម សម្ភារៈនិយម ការអូសទាញ ជីវិតដែលបណ្តោយទៅតាមទំនោរនៃ អារម្មណ៍ភ្លើតភ្លើនមួយពេល។ អ្នកទីបី មិនត្រឹមតែជាសាច់រឿងដែលបង្ហាញពីជីវិតស្នេហាត្រីកោណ ក្នុងភាពល្ងង់ខ្លៅប៉ុណ្ណោះទេ ថែមទាំងជាប្រភេទរឿងដែលផ្តល់ជាបទពិសោធន៍ ការអប់រំ ប្រកាន់ចិត្ត និងទង្វើក្នុងភាពត្រឹមត្រូវ និងមិនត្រូវឈ្នះចាញ់ ដោយមិនខ្វល់ពីអ្វីល្អ និងអាក្រក់នោះទេ។

នៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ ដោយសារតែការលួងលោម និងសង្គមសម្ភារៈនិយម អូសទាញផងនោះ រួមទាំងការខ្វះការពិចារណា ក៏ធ្វើឲ្យជីវិតអ្នកខ្លះជួបនឹងទុក្ខសោក និង បញ្ហាជាច្រើន ដោយសារតែរបស់អស់ទាំងនោះវិញ។ យ៉ាងណាមិញដូចជា ជីវិតក្មេងស្រីម្នាក់ ដែលជាតួអង្គដ៏សំខាន់នៅក្នុងរឿងនេះ ហើយក៏ជាដើមចមដែលបានចងសាច់រឿងទាំងមូលឲ្យមានបញ្ហា បង្កើតឡើងជាអនុស្សាវីរ៍ដ៏ឈឺចាប់មួយ ទុកជាបទពិសោធន៍សម្រាប់អ្នកទស្សនា។ តួអង្គ ណាវី ជាក្មេងស្រីសាមញ្ញម្នាក់ស្ថិតក្នុងវ័យក្មេងខ្ចី ជាកូនអ្នកខេត្តកោះកុង ដែលគ្រួសារ បើករម្មណីយ៍ដ្ឋាន ខ្នាតតូចធម្មតាមួយ ដើម្បីចិញ្ចឹមជីវិត។ ថ្វីត្បិត នាងជាក្មេងស្រីខ្ចីស្ថិត ក្នុងវ័យសិក្សាក្តី ប៉ុន្តែនាងមហិច្ឆតាខ្ពស់ដ៏ធំ ក្នុងជីវិតរបស់នាង គឺនាងចង់ក្លាយជាតារាម៉ូដែល ម្នាក់ មានកេរ្តិ៍ឈ្មោះ ល្បីល្បាញក្នុងប្រទេស ។
ពេលមួយនោះ នាងបានយកការសិក្សាមកបាំងមុខ សុំគ្រួសារឡើងទៅភ្នំពេញ ដើម្បីមានឱកាស ចូលឲ្យជិតទៅរកក្តីស្រមៃរបស់នាង។ ក្រោយពីផ្លាស់មករស់នៅទីក្រុង ណាវី បានជួបនឹងមិត្តភក្តិចាស់របស់នាង ហើយពួកគេក៏ណែនាំនាងឲ្យបានចូលទៅក្នុងជីវិតសិល្បៈ។ ថ្ងៃមួយក្រុមហ៊ុនដែលមិត្តភក្តិ របស់ណាវី បានរៀបចំធ្វើពិធី Event លក្ខណៈបែបបង្ហាញម៉ូត ហើយលោក វឌ្ឍនៈ ជាប្រធានក្រុមហ៊ុននោះ។ ណាវី ក៏ចូលរួមនៅក្នុងកម្មវិធីនោះដែរ ដោយចៃដន្យ នៅថ្ងៃនោះ តារាបង្ហាញម៉ូដ មានបញ្ហា មិនបានចូលរួម ក៏ជំនួសដោយ ណាវីតែម្តង ព្រោះនាងមានរូបរាងស្រស់ស្អាត សាកសមនឹងតារាមូដែល។ ណាវី ក៏ទទួលបានឱកាសបង្ហាញខ្លួននៅលើឆាកសិល្បៈ។ ចាប់តាំងពីថ្ងៃនោះមក ណាវីត្រូវបានលោកវឌ្ឍនៈ សុំនាងចុះកុងត្រា ចូលធ្វើជាតារាមូដែលប្រចាំក្រុមហ៊ុនតែម្តង។ ទំនាក់ទំនងរវាងណាវី និងលោកប្រធានក្រុមហ៊ុន កាន់តែស្និទ្ធិស្នាល រហូតឈានដល់ដំណាក់កាលស្នេហា បង្ខំចិត្តឲ្យណាវី ក្លាយជាស្រីកំណាន់របស់លោកវឌ្ឍៈ ទាំងមិនដឹងថា គេមានប្រពន្ធកូនរួចហើយក្តី។ ចុងក្រោយ គ្រប់យ៉ាងត្រូវបានបែកធ្លាយ ហើយណាវីខូចចិត្តយ៉ាងខ្លាំង បន្ទាប់មកនាងក៏ដើរចេញជាមួយនឹងគំនុំសងសឹកគ្រួសារលោកវឌ្ឍនៈ។ ណាវី បានសាងជីវិតជាមួយអ្នកថ្មី ហើយមកបញ្ឈឺចិត្ត ប្រពន្ធលោកវឌ្ឍនៈជាថ្មីម្តងទៀត ប៉ុន្តែនៅចុងក្រោយ ណាវីក៏ភ្ញាក់ខ្លួន ហើយបោះបង់ការចង់ដណ្តើមប្តីអ្នកដទៃ ហើយសាងជីវិតថ្មីដោយខ្លួនឯងវិញ។
ដើម្បីចង់ដឹងថា តើសាច់រឿងនៃជីវិតក្មេងស្រី ណាវី នឹងមានរសជាតិបែបណានោះ សូមកុំភ្លេច រង់ចាំទស្សនាការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០៣ ខែកក្តដា ឆ្នាំ ២០២០ វេលាម៉ោង ០៨ យប់។ ម៉ោងចាក់ផ្សាយ ពីថ្ងៃចន្ទ ដល់ថ្ងៃ សុក្រ ៕
សូមទស្សនាវីដេអូខ្លីខាងក្រោម៖
https://www.facebook.com/PNNDramaFanClub/videos/281179263294169/






