សុខភាព

ចាក់វ៉ាក់សាំងកូវីដ១៩ Pfizer-BioNTech ប៉ុន្មានថ្ងៃទើបមានអង់ទីករ?

BY
srey nuch
December 14, 2020

រាជធានីភ្នំពេញ៖ គិត​​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ​យ៉ាង​ហោច​ណាស់​មាន​ប្រទេស​ចំនួន​បី​ហើយ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូវីដ១៩​​របស់​ក្រុម​ហ៊ុន​អាម៉េរិក​សហការ​ជាមួយ​អាល្លឺម៉ង់ Pfizer-BioNTech ​រួម​មាន​ចក្រភព​អង់គ្លេស អាមេរិក និង​កាណាដា​។ ចក្រភព​អង់គ្លេស​បាន​អុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​នេះ​កាល​ពី​ដើម​ខែ​ធ្នូ បន្ទាប់​មក​ទៀត​គឺ អាមេរិក​ និងកាណាដា។ អាមេរិក​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​វ៉ាក់សាំង​ទៅ​កាន់គោល​ដៅ​សំខាន់ៗ​របស់​ខ្លួនហើយ ​​នៅ​ថ្ងៃច័ន្ទ​នេះ ខណៈ​កាណាដា ទើប​រាយ​ការណ៍​ថា​វ៉ាក់សាំង​បាន​ដឹក​ដល់​ប្រទេស​ខ្លួន​ហើយ​ដែរ​។

១. ​អ្នកណា​មិន​អាច​ប្រើ​​វ៉ាក់សាំង​កូវីដ​១៩ របស់​ក្រុម​ហ៊ុន​Pfizer-BioNTech?

​បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រងជំងឺCDC អាមេរិក ​មានការណែ​នាំថា​​វ៉ាក់​សាំង​​នេះ​ប្រើ​សម្រាប់​តែ​លើ​មនុស្ស​មាន​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើង ប៉ុន្តែ​នៅ​អង់គ្លេស​បានណែនាំ​ឲ្យ​អ្នក​មាន​ប្រ​វត្តិ​កើត​បញ្ហា​អាលែក​ហ្ស៊ី​ធ្ងន់​ធ្ងរ​ជាមួយ​ថ្នាំពេទ្យ ម្ហូប​អាហារ​​ ឬ​វ៉ាក់សាំង​ពី​មិន​មក​មិន​គួរ​ចាក់​វ៉ាក់​សាំង​នេះ​ទេ។ ដូច​គ្នា​ដែរ រដ្ឋបាល​ចំណីអាហារ និង​ឱសថ​របស់​អាមេរិក​ក៏បាន​ណែ​នាំ​ពល​រដ្ឋ​ដែល​មាន​ប្រវត្តិ​បញ្ហា​អាល្លែកហ្ស៊ី​ធ្ងន់​ធ្ងរ ត្រូវពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​មុន​នឹង​ចាក់​វ៉ាក់សាំង​នេះ ដើម្បី​ដឹង​ច្បាស់​ថា​ខ្លួន​មាន​អាលែក​ហ្ស៊ី​នឹង​សារធាតុ​ផ្សំណាមួយ​របស់​វ៉ាក់សាំង​ឬ​យ៉ាងណា។​

២.​ព័​ត៌មាន​ពី​វ៉ាក់សាំង និងអង់ទីករ

+ ក្រុមហ៊ុនអះអាងថាមានប្រសិទ្ធភាព ៩៥ភាគរយ
+ ១២​ ថ្ងៃ​ក្រោយ​ពី​ចាក់​ដូសទី១​ ប្រ​ព័ន្ធភាព​ស៊ាំ​ចាប់​ផ្ដើម​បង្កើន​សមត្ថភាព​
+ ចាក់​ដូស​​ទី​២ នៅ​២១​ថ្ងៃ​ក្រោយ​ចាក់​លើក​ទី​១​ (​ដើម្បីមាន​ប្រសិទ្ធភាព ក្រុម​ហ៊ុន​ថា​ត្រូវ​ចាក់ពីរ​ដូស)​
+ ២៨ ថ្ងៃ​បន្ទាប់​ពី​ចាក់​លើកទី​១ រាងកាយ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ពេញ​លេញ​ប្រឆាំង​កូវីដ១៩​​​ (នេះបើតាម​ការ​បញ្ជាក់​របស់​ក្រុម​ហ៊ុន)
+ វ៉ាក់សាំង​ត្រូវ​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​ –៧០​អង្សាសេ
+ តម្លៃ​២០​ដុល្លារ/ដូស

៣.ដំណើរ​ការ​របស់​វ៉ាក់សាំង

mRNA​របស់​វ៉ាក់សាំង​នឹង​បង្រៀន​កោសិកា​ឲ្យ​ចេះ​បង្កើត​ប្រូ​តេអ៊ីន ដែល​នឹង​ទៅ​រំញោច​ការ​ឆ្លើយ​តប​​របស់​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ ដោយ​មិន​មាន​ប្រើ​វីរុស​បង្ក​ដោយ​កូវីដ​១៩​។ នៅ​ពេល​ប្រ​ព័ន្ធភាព​ស៊ាំ​ទទួល​រំញោច រាង​កាយ​យើង​​នឹង​បង្កើត​អង់ទី​ករ ដែល​អង់ទីករ​ទាំង​នេះ​នឹង​ប្រឆាំង​ទៅ​នឹង​ការ​ឆ្លង​រោគ ប្រសិន​ជា​មាន​វីរុស​ចូល​ក្នុង​រាង​កាយ​យើង​នៅ​ពេល​ខាង​មុខ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: