សុខភាព

តើការទទួលទានកាហ្វេច្រើន នឹងអោយវិវត្តន៏ជាជំងឺទឹកនោមផ្អែមប្រភេទទី២ទេ? (ពន្យល់ដោយលោកវេជ្ជបណ្ឌិត អុឹង បញ្ញារិទ្ធ)

BY
Khmernote Media
October 10, 2021

តើការទទួលទានកាហ្វេច្រើន នឹងអោយវិវត្តន៏ជាជំងឺទឹកនោមផ្អែមប្រភេទទី២ទេ?

តាមរយៈការកត់ត្រារបស់ អង្គការសុខភាពពិភពលោក (WHO ឆ្នាំ២០១៩ បានប្រកាសថានៅទូទាំងពិភពលោកមនុស្សប្រមាណ 422 លាននាក់មានជំងឺទឹកនោមផ្អែម ។ សមាគមជំងឺទឹកនោមផ្អែមអាមេរិកបាន (ADA) ចាត់ថ្នាក់ជំងឺទឹកនោមផ្អែមជាក្រុមហានិភ័យខ្ពស់ដែលមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ជាងធម្មតា ដោយបែងចែកទៅតាមចំណាត់ថ្នាក់ និងប្រភេទនៃជំងឺទឹកនោមផ្អែម។ កត្តាពូជដែលជំរុញឱ្យកើតជំងឺទឺកនោមផ្អែម ដោយម្តាយកើតទឹកនោមផ្អែម កូនអាចមានចន្លោះពី ២ ទៅ ៤% បើឪពុកកើតវិញ​ កូនអាចមានចន្លោះពី ៥ ទៅ ៨% បើបងប្អូនបង្កើតកើតវិញមាន ៥%។ កត្តាបរិយាកាស និងកត្តាបន្ទាប់បន្សំ ទាក់ទងទៅនឹង ជំងឺរលាកលំពែង, ការប្រើប្រាស់ថ្នាំ ជាពិសេសប្រភេទប្រឆាំងការលាកជាដើម…។ បើយើងយោងទៅតាមសមាគមជំងឺទឹកនោមផ្អែមអាមេរិកបាន (ADA និង “សៀវភៅជំនួយស្មារតី សំរាប់អ្នកជំងឺទឹកនោមផ្អែម” ដែលបានបោះពុម្ភលើកទី២ឆ្នាំ២០២០ លក្ខណៈវិនិច្ឆ័យត្រៀមចូលជាជំងឺទឹកនោមផ្អែម ជាតិស្ករពេលព្រឹកពោះទទេរ (FPG) ចន្លោះពី 100-125mg/dl ឬ A1C ចន្លោះពី 5.7 ទៅ 6.4%។ ចំពោះលក្ខណៈវិនិច្ឆ័យ ដែលចាត់ចូលកើតមានជំងឺទឹកនោមផ្អែមគឺ ជាតិស្ករពេលព្រឹកពោះទទេរ ឡើងលើសពី 126mg/dl ឬ A1C លើសពី 6.5% (A1C ជាមធ្យមភាគនៃជាតិស្ករក្នុងឈាម៣ខែចុងក្រោយ)។

វិធីសាស្រ្តដើម្បីអាចការពារកុំអោយកើតជាជំងឺទឹកនោមផ្អែមតាមរយៈ ការធ្វើរបបអាហា ទទួលទានអាហារបន្លែផ្លែឈើ ដែលមានប្រយោជន៏ដល់សុខភាព រក្សាទម្ងន់កុំឱ្យលើស និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត ដែលអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមពី 50% ទៅ 60% ។ ចំពោះការព្យាបាលជំងឺទឹកនោមផ្អែមដោយប្រើថ្នាំគ្រាប់ ឬថ្នាំចាក់ក្តី យើងត្រូវគិតអំពី សុវត្ថិភាព និង គុណភាពរបស់ថ្នាំ (Safety & Efficacy) ពីព្រោះថ្នាំដែលយើងប្រើសំរាប់អ្នកជំងឺទឹកនោមផ្អែម គឺត្រូវប្រើរយៈពេលយូរ។

តើការទទួលទានកាហ្វេហួសកម្រិត មានទំនាក់ទំនងអ្វីជាមួយជំងឺទឹកនោមផ្អែម?
កាហ្វេគឺជាភេសជ្ជៈម្យ៉ាងមានពណ៌ខ្មៅ ដែលមានរស់ជាតិល្វិង ដែលត្រូវបានគេរកឃើញ ដើមកាហ្វេដំបូងនៅក្នុងកសិដ្ឋានចិញ្ចឹមពពែមួយកន្លែងក្នុងទឹកដីនៃប្រទេស Ethiopia នៅស.វទី១៥ និងត្រូវបានចែកចាយទៅក្នុងបណ្តាប្រទេសនៅអ៊ឺរ៉ុបនៅអំឡុងស.វទី១៧ ដែលត្រូវបានមនុស្សជាច្រើនពេញនិយមក្នុងការទទួលទានផឹក ដោយភាគច្រើនយល់ឃើញថា កាហ្វេពិតជាអាចជួយកាត់បន្ថយភាពងងុយគេង ជាពិសេស គឺជួយបន្ថយភាពតានតឹង ក៏ដូចជាអារម្មណ៏ស្រស់ស្រាយ ផងដែរ។ មានការសិក្សាជាច្រើនបានបង្ហាញថា ការទទួលទានកាហ្វេក្នុងកម្រិតត្រឹម ៤០០mg ក្នុងមួយថ្ងៃនៃកាហ្វេអ៊ីន (១០០មគ = ១កែវកាហ្វេ) អាចជួយប្រយោជន៏ជាច្រើនដល់រាងកាយរបស់យើងដូចជា បង្កើនភាពស្វាហាប់ កាត់បន្ថយហានិភ័យនៃជំងឺមហារីកប្រូស្តាត កាត់បន្ថយហានិភ័យនៃជំងឺខ្សោយបេះដូង និងកាត់បន្ថយអការៈភ្លេចភ្លាំងជាដើម។ ក៏ប៉ុន្តែទន្ទឹមនឹងផលប្រយោជន៏ដែលបានរៀបរាប់ខាងលើ កាហ្វេក៏អាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្សមួយចំនួនដែរ ពិសេសពេលដែលអ្នកទទួលទានកាហ្វេលើសចំនួនដែលបានកម្រិត ។ ក្រុមមនុស្ស ដែលមិនគួរទទួលទានកាហ្វេអ៊ីន ឬក៏ទទួលទានបានតែក្នុងកម្រិតមួយតិចតួច ដូមជា: អ្នកដែលមានប្រវត្តិជំងឺបេះដូង, ស្រ្តីកំឡុងពេលមានផ្ទៃពោះ, ស្ត្រីកំពុងបំបៅដោះកូន, ក្មេងក្រោមអាយុ ១២ឆ្នាំ, អ្នកដែលកំពុងមានជំងឺរាករូស, អ្នកមានជំងឺរលាកក្រពះ, អ្នកជំងឺស្គន់ជាន់, អ្នកមានជំងឺពុកឆ្អឹង ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម។

ជាតិកាហ្វេអ៊ីនត្រូវបានចម្រាញ់ចេញពីគ្រាប់កាកាវដំបូងបង្អស់ ទៅជាម្សៅពណ៌ស ក្នុងឆ្នាំ 1820 ដោយអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ Friedrich Ferdinand Runge ។ នៅពេលនោះហើយដែល ការទទួលទានកាហ្វេអាចធ្វើឱ្យមនុស្សមួយចំនួនមានអារម្មណ៏ថា ប្រឈមនឹងកើតមានជំងឺលើសជាតិស្ករក្នុងសរសៃឈាម (ជំងឺទឺកនោមផ្អែមប្រភេទទី២) ប៉ុន្តែកាហ្វេអ៊ីនមិនមែនជាមូលហេតុចំបងនោះទ។
អង្គភាពអាហារូបត្ថម្ភរបស់មនុស្ស និងអតិសុខុមប្រាណ សាកលវិទ្យាល័យស៊ីដនី ប្រទេសអូស្ត្រាលី ឆ្នាំ២០០៨ ពួកគេបានរកឃើញថា ជាតិកាហ្វេអ៊ីនសុទ្ធ មិនបានផលិតនូវការឆ្លើយតបសន្ទស្សន៍ជាតិស្ករក្នុងឈាមកើនឡើងទេ ក៏ប៉ុន្តែការរកឃើញថា ទម្លាប់ធម្មតានៃការធ្វើឱ្យកាហ្វេផ្អែម ដើម្បីបិទបាំងភាពល្វិងជូរចត់ ជាមូលហេតុធ្វើអោយមានការ ផលិតនូវការឆ្លើយតបសន្ទស្សន៍ជាតិស្ករក្នុងឈាមខ្ពស់។​ តាមរយៈទស្សនាវដ្ដី The Health ពេលទទួលទានកាហ្វេ ក្រពះ និងពោះរៀនតូចនឹងបឺតស្រូបជាតិកាហ្វេអ៊ីន ក្នុងរយៈពេល45នាទី នៃការទទួលទានតាមមាត់ បន្ទាប់មកជាតិកាហ្វេអ៊ីនត្រូវបានបំប្លែងនៅក្នុងថ្លើមដោយប្រព័ន្ធអង់ស៊ីម ហើយធ្វើការបែកចែកបន្តតាមឈាមទៅដល់ផ្នែកផ្សេងៗនៃរាងកាយ។ អ្នកវិទ្យាសាស្ត្របានរៀនពីរបៀបដែលជាតិកាហ្វេអ៊ីនប៉ះពាល់ដល់អាំងស៊ុយលីន ដោយរកឃើញថា ជាតិកាហ្វេអ៊ីនបង្កើនកម្រិតនៃអរម៉ូនស្ត្រេសមួយចំនួនដូចជា អេពីណេហ្វីន (ហៅម្យ៉ាងទៀតថា អាដ្រេណាលីន)។ អរម៉ូនស្ត្រេសទាំងនោះហើយដែល ប៉ះពាល់ដល់ការគេងរបស់យើង ហើយការ​គេង​មិន​លក់​ក៏​អាច​បន្ថយ​ភាព​ប្រែប្រួល​អាំងស៊ុយលីន​របស់​យើង​ដែរ។

មានការសិក្សាការស្រាវជ្រាវ ដ៏ស៊ីជម្រៅ មួយរបស់លោក Michael Dansinger ជាវេជ្ជបណ្ឌិតផ្នែកអាហារូបត្ថម្ភ និងជានាយកស្ថាបនិកនៃកម្មវិធីជំងឺទឹកនោមផ្អែម នៅមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Tufts ក្នុងទីក្រុង Boston ក្នុងសហរដ្ឋអាមេរិក បានធ្វើការសិស្សាថា “តើជាតិកាហ្វេអ៊ីនប៉ះពាល់ដល់អ្នកជំងឺទឹកនោមផ្អែមយ៉ាងដូចម្តេច?” ដោយពិនិត្យមើលអ្នកជំងឺទឹកនោមផ្អែមប្រភេទទី 2 ដែលលេបថ្នាំគ្រាប់កាហ្វេអ៊ីន 250 មីលីក្រាមនៅពេលព្រឹក និងមួយទៀតនៅពេលអាហារថ្ងៃត្រង់ ជាលទ្ធផល៖ ជាតិស្ករក្នុងឈាមរបស់ពួកគេខ្ពស់ជាង ៨% ធៀបនឹងថ្ងៃដែលពួកគេមិនមានជាតិកាហ្វេអ៊ីន។ នោះដោយសារតែជាតិកាហ្វេអ៊ីនអាចបន្ថយភាពប្រែប្រួលអាំងស៊ុយលីនរបស់អ្នកជំងឺទឹកនោមផ្អែម ដែលជាអរម៉ូនដែលអនុញ្ញាតឱ្យជាតិស្ករចូលទៅក្នុងកោសិការបស់អ្នក និងផ្លាស់ប្តូរទៅជាថាមពល។ មាន​ន័យ​ថា ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី 2 រាងកាយរបស់អ្នកមិនអាចប្រើអាំងស៊ុយលីនបានល្អទេ បន្ទាប់ពីអាហាររួច ជាតិស្ករក្នុងឈាមរបស់អ្នកឡើងខ្ពស់ជាងធម្មតា។ ជាតិកាហ្វេអ៊ីនអាចធ្វើឲ្យបញ្ហានូវការបឺតស្រូបជាតិស្ករ យូរៗទៅ នេះអាចបង្កើនឱកាសនៃផលវិបាកនៃជំងឺទឹកនោមផ្អែម ដូចជាការខូចខាតសរសៃប្រសាទ ឬជំងឺបេះដូងជាដើម។

អត្ថបទ៖ វេជ្ជបណ្ឌិត អុឹង បញ្ញារិទ្ធ

Share This Post: